(ម៉ូស្គូ)៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ខ្លួនគឺអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត កំពុងបន្តដាក់សម្ពាធកាន់តែខ្លាំងលើប្រទេសអ៊ីរ៉ង់។ ការដាក់សម្ពាធទាំងនេះ ក៏ដូចជាការប៉ះទង្គិចគ្នាដោយយោធានាពេលថ្មីៗកន្លងទៅក្នុងតំបន់ Golan Heights គ្រប់គ្រងដោយអ៊ីស្រាអែល ត្រូវបានក្រុមអ្នកជំនាញខ្លះព្យាករណ៍ថា អាចនឹងបង្កទៅជាសង្គ្រាមរវាងទីក្រុងតែល អាវីវ និងទីក្រុងតេហរ៉ង់ នៅពេលអនាគត។ ប៉ុន្តែបើសិនជាសង្រ្គាមផ្ទុះឡើងមែន តើនរណាមានប្រៀបជាងនរណា?
យោងតាមគេហទំព័រ GlobalFirepower.com ដោយផ្អែកលើទិន្នន័យរបស់ CIA អាមេរិក អ៊ីរ៉ង់មានកញ្ចប់ថវិកាយោធា ៦.៣ពាន់ លានដុល្លារ, យោធាសកម្ម ៥៣៤,០០០នាក់ យន្ដហោះចម្បាំងសរុប ៥០៥គ្រឿង, រថក្រោះ ១,៦៥០គ្រឿង, និងនាវាចម្បាំងសរុប ៣៩៨គ្រឿង។ ចំណែកឯអីស្រាអែលវិញមានកញ្ចប់ថវិកាយោធា ២០ពាន់លានដុល្លារ, យោធាសកម្ម ១៤៧,០០០នាក់, យន្ដហោះចម្បាំងសរុប ៥៩៦គ្រឿង, រថក្រោះ ២,៧៦០គ្រឿង និងនាវាចម្បាំងសរុប ៦៥គ្រឿង។
១៖ ប្រៀបធៀបសមត្ថភាពកងកម្លាំងអាកាស
អ៊ីរ៉ង់មានយន្ដហោះចម្បាំងដែលហួសសម័យច្រើន ក្នុងនោះមានដូចជា យន្ដហោះចម្បាំងអាមេរិក F-4 និង F-5 ដែលផលិតនៅអំឡុងឆ្នាំ១៩៥០ រួមទាំង F-7 ជាយន្ដហោះចម្បាំងរបស់ចិនកាត់សហភាពសូវៀត MiG-21 យន្ដហោះចម្បាំង F-14,Su-20, Su-24, Su-25 និងយន្ដហោះចម្បាំង MiG-25 ផលិតឡើងក្នុងឆ្នាំ១៩៧០-១៩៨០។
ចំណែកឯអ៊ីស្រាអែលវិញ រដ្ឋជ្វីបដ៏មានសក្តានុពលមួយនេះមានយន្ដហោះចម្បាំងទំនើបៗ ជាច្រើនក្រោមការផ្គត់ផ្គង់ពីសហរដ្ឋអាមេរិកដូចជា F-15, F-16 និង F-35 ជាដើម ហើយមិនតែប៉ុណ្ណោះ បើនិយាយពីកម្លាំងទ័ពអាកាសខ្លាំងជាងគេនៅលើពិភពលោក កងទ័ពអាកាសអ៊ីស្រាអែលជាប់លេខទី ៥ បន្ទាប់ពីសហរដ្ឋអាមេរិក រុស្ស៊ី ចិន និងអង់គ្លេស។
២៖ ប្រៀបធៀបសមត្ថភាពកងទ័ពជើងទឹក
អ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថា មានវានាមុជទឹកធុនតូច Ghadir ចំនួន ២១គ្រឿង បូករួមទាំងនាវាមុជទឹក ០៣គ្រឿង ផ្សេងទៀតទិញត្រូវបានទិញពីរុស្ស៊ីក្នុងឆ្នាំ១៩៩០។ យ៉ាងណាក៏ដោយ ទោះជាមានចំនួនច្រើនជាងអ៊ីស្រាអែល តែទីក្រុងតេហេរ៉ង់បានបាត់សក្ដានុពលរបស់ខ្លួន ខណៈអ៊ីស្រាអែលមាននាវាមុជទឹក ០៦គ្រឿង ដែលសុទ្ធសឹងតែមានសមត្ថភាពខ្ពស់ និងអាចបំពាក់មីស៊ីលភ្ជាប់ជាមួយក្បាលគ្រាប់នុយ ក្លេអ៊ែរទៀតផង។ នាវាមុជទឹក ០៦គ្រឿង របស់អ៊ីស្រាអែលនោះគឺជានាវាមុជទឹក Dolphin ផលិតដោយក្រុមហ៊ុននាវាចម្បាំងអាល្លឺម៉ង់ Howaldtswerke- Deutsche Werft AG ដ៏ល្បីល្បាញនៅអឺរ៉ុប។
៣៖ ប្រៀបធៀបសមត្ថភាពអាវុធនុយក្លេអ៊ែរ
បើតាមសេចក្ដីរាយការណ៍ជាច្រើន អ៊ីស្រាអែលមានក្បាលគ្រាប់នុយក្លេអ៊ែរចន្លោះពី ១០០ ទៅ ៥០០គ្រាប់។ បន្ថែមពីលើនេះ អ៊ីស្រាអែល បានអភិវឌ្ឍន៍មីស៊ីលបាលីស្ទីគផ្ទាល់ខ្លួននៅឆ្នាំ១៩៦៣ ហើយនៅឆ្នាំ១៩៨៩ ទីក្រុងតែលអាវីវ បានធ្វើតេស្ដដោយជោគជ័យនូវមីស៊ីលបាលិស្ទីគរបស់ខ្លួន គឺ Jericho-2 អាចបាញ់ក្នុងរយៈចម្ងាយពី ៨០០ ទៅ ១៥០០ គីឡូម៉ែត្រ។ ដោយឡែក បើនិយាយ ពីប្រព័ន្ធមីស៊ីលការពារដែនអាកាស អ៊ីស្រាអែលគឺមាន Iron Dome ដែលគេជឿជាក់ថា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្ទាក់ចាប់មីស៊ីលអ៊ីរ៉ង់។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញសង្រ្គាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ នឹងត្រូវផ្ទុះឡើងនៅពេលណា គេមិនទាន់អាចទាយទុកជាមុន បានទេ ប៉ុន្តែអ្វីដែលគេដឹងគឺថា អ៊ីរ៉ង់កំពុងយកប្រទេសយ៉េមែន និងស៊ីរីជាមូលដ្ឋានពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ា និងដើម្បីទប់ស្កាត់ឥទ្ធិពលអ៊ីស្រាអែល។ សម្រាប់អ្វីបន្ថែមទៀតនោះ បើសិនជាសង្គ្រាមផ្ទុះឡើងមែន មហាអំណាចនៅពីក្រោយប្រទេសទាំងពីរនេះ ដូចជាអាមេរិក រុស្ស៊ី និងអឺរ៉ុបជាដើម ប្រាកដជាលូកដៃជួយសម្ព័ន្ធមិត្តពួកគេរៀងៗខ្លួនជាមិនខាន៕
ប្រភព៖ Sputnik (ថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨)