(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ អាជ្ញាធរហ្វីលីពីនចេញការព្រមានក្តៅៗថា ភ្នំភ្លើង Mayon អាចផ្ទុះឡើងគ្រប់ពេលវេលា ព្រោះមានសញ្ញាមិនស្រួលកើតឡើង។
២៖ បាតុកម្មតវ៉ាបិទផ្លូវរបស់ក្រុមអ្នកបើករថយន្ដធុនធ្ងន់ នៅក្នុងប្រទេសប្រេស៊ីលបានឈានចូលថ្ងៃទី៤ហើយ ដោយសារតែពួកគេខឹងសម្បារចំពោះការឡើងថ្លៃសាំង។
៣៖ ប្រធានាធិបតីវេណេស៊ុយអេឡា ស្បថឡើងកាន់តំណែងជាផ្លូវការសម្រាប់អាណត្តិទីពីរ និងស្នើឲ្យដោះលែងអ្នកទោសនយោបាយទាំងអស់។
៤៖ សភាអាមេរិក អនុម័តកញ្ចប់ថវិកា ៧១៧ពាន់លានដុល្លារ សម្រាប់ទ្រទ្រង់វិស័យការពារជាតិដូចជា ជ្រើសរើសទ័ព, ទិញនាវា និងយន្តហោះចម្បាំងបន្ថែម ព្រមទាំងការរៀបចំព្យុហយាត្រាយោធា នៅរដ្ឋធានីវ៉ាស៊ីនតោន ដែលលោក ត្រាំ ចង់បាន។
៥៖ ជនសង្ស័យពីរនាក់ ផ្ទុះគ្រាប់បែកក្នុងខេត្ត Ontario ប្រទេសកាណាដា បង្កឲ្យមនុស្សជាច្រើនរងរបួស ក្នុងនោះ០៣នាក់របួសធ្ងន់ធ្ងរ។
៦៖ មេប៉ូលិសម៉ាឡេស៊ី ថ្លែងឲ្យដឹងក្នុងសន្និសីទសារព័ត៌មានមួយថា មកទល់ពេលនេះ លុយសុទ្ធសរុប២៨.៦លានដុល្លារ ត្រូវបានរឹបអូសពីអាផាតមិន ដែលមានជាប់ពាក់ព័ន្ធនឹងអតីតនាយករដ្ឋមន្រ្តី លោក Najib Razak។
៧៖ កូរ៉េខាងត្បូង កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ ស្តីពីកិច្ចប្រឹងប្រែងដើម្បីស្រោចស្រង់ជំនួបកំពូលរវាងអាមេរិកនិងកូរ៉េខាងជើង ដែលលោក ត្រាំ បានសម្រេចលុបចោល។