(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃសុក្រនេះ បានចេញសេចក្តីថ្លែងការណ៍ច្រានចោល ការចោទប្រកាន់របស់ក្រុមជំនាញហូឡង់ថា យោធារុស្ស៊ីជាអ្នកចុចមីស៊ីលចេញពីមូលដ្ឋានយោធាក្នុងទឹកដីរបស់ខ្លួនក្នុងទីក្រុង Kursk ដើម្បីបាញ់ ទម្លាក់យន្តហោះ MH17 របស់ម៉ាឡេស៊ី កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ និងបានសម្លាប់មនុស្សទាំងអស់ជិត ៣០០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨។
នៅក្នុងសេចក្តីថ្លែងការណ៍ខាងលើនេះបានបញ្ជាក់ថា «គ្មានមីស៊ីលប្រឆាំងយន្តហោះណាមួយ ត្រូវបានបញ្ជូនទៅអ៊ុយក្រែននោះឡើយ ចាប់តាំងពីឆ្នាំ១៩៩១»។ ការបញ្ជាក់បែបនេះមានន័យថា ការដែលចោទរុស្ស៊ីថា ជាអ្នកបាញ់ទម្លាក់ MH17 ដោយប្រើប្រាស់មីស៊ីល Buk នោះគឺជារឿងដែលមិនត្រឹមត្រូវនោះឡើយ។
គួរបញ្ជាក់ថា ក្រុមអ្នកស៊ើបអង្កេតអន្តរជាតិ ដឹកនាំដោយប្រទេសហូឡង់បានឱ្យដឹងថា មីស៊ីលប្រភេទ Buk ដែលត្រូវបានគេប្រើប្រាស់ ដើម្បីបាញ់ទម្លាក់ជើងហោះហើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ កាលពីជិត ០៤ឆ្នាំមុន គឺមានប្រភពមកពីមូលដ្ឋានយោធាក្នុងទឹកដីរុស្ស៊ី។
យោងតាមលោក វាលប៊ឺត ផូលីសសិន (Wilbert Paulissen) មកពីស្ថាប័នប៉ូលិសជាតិហូឡង់ មីស៊ីលខាងលើមានប្រភពមកពីកងអង្គភាពមីស៊ីលប្រឆាំង យន្ដហោះលេខរៀងទី ៥៣ នៃយោធារុស្ស៊ីស្ថិតនៅក្នុងទីក្រុងឃើសក៍ (Kursk)។ ប៉ុន្តែ ការលើកឡើងរបស់លោក Paulissen ធ្វើឡើងដោយផ្អែក លើការបង្ហាញលទ្ធផលបឋម នៃការស៊ើបអង្កេតដ៏យូរជុំវិញការបាញ់ទម្លាក់យន្ដហោះ MH17 តែប៉ុណ្ណោះ ខណៈរុស្ស៊ីកន្លងមកបានច្រានចោលរាល់ការចោទប្រកាន់មកលើខ្លួន។
គួររំលឹកថា យន្ដហោះ MH17 ត្រូវបានគេបាញ់ទម្លាក់នៅឯតំបន់ ដូណិត (Donetsk) នៃភាគខាងកើតប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ដោយផ្ដាច់យកជីវិតមនុស្ស នៅលើយន្ដហោះនេះទាំងអស់ ២៩៨នាក់ ក្នុងនោះភាគច្រើនអ្នកដំណើរជាជនជាតិហូឡង់៕