(អាមេរិក)៖ ប្រភពផ្គត់ផ្គង់ទឹកសាប កំពុងមានភាពប្រែប្រួលនៅជុំវិញពិភពលោក ហើយទិន្នន័យឃ្លាំមើលថ្មីៗពីសំណាក់ផ្កាយរណប របស់ទីភ្នាក់ងារអវកាស NASA កំពុងជួយអ្នកវិទ្យាសាស្រ្តក្នុងការស្វែងយល់ឲ្យកាន់តែច្បាស់ថា តើវាបណ្តាលមកពីមូលហេតុអ្វី? នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយ Space.com នៅរសៀលថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨។
ទិន្នន័យខាងលើបានមកពីការអង្កេតរយៈពេល ១៤ឆ្នាំ នៃផ្កាយរណប GRACE ដែលជាបេសកកម្មរួមរវាងសហរដ្ឋអាមេរិក និងអាល្លឺម៉ង់។ នាប៉ុន្មានថ្ងៃមុននេះ GRACE Follow-On ដែលជាផ្កាយរណបជំនាន់ក្រោយ ទើបតែត្រូវបានបាញ់បង្ហោះទៅកាន់ទីអវកាសពីមូលដ្ឋានទ័ព Vandenberg នៅរដ្ឋកាលីហ្វរញ៉ា តាមរយៈគ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX ប៉ុណ្ណោះ។
ទិន្នន័យសិក្សានេះបានបង្ហាញថា តំបន់សំណើមនៅលើផែនដី កាន់កំពុងតែសើមឡើងៗ ខណៈតំបន់ស្ងួតហែង កំពុងហួតហែងកាន់តែខ្លាំងទៅៗ ដែលវាជាការប្រែប្រួលមួយខ្លាំងគួរឲ្យកត់សម្គាល់។ ប្រការនេះគឺដោយសារតែកត្តាជាច្រើន រួមមានបញ្ហាបម្រែបម្រួលធាតុអាកាស របៀបដែលមនុស្សប្រើប្រាស់ធនធានទឹក ព្រមទាំងដំណើរនៃវដ្តន៍ជីវិតរបស់បរិស្ថានធម្មជាតិ។
គួរជម្រាបថា បើតាមមន្រ្តីអង្គការ NASA ការប្រែប្រួលនៃធនធានទឹកសាប ជាពិសេសការប្រែប្រួលនៃផ្ទាំងទឹកកនៅក្បែរតំបន់ប៉ូល អាចជះឥទ្ធិពលយ៉ាងឆាប់រហ័សទៅលើកម្រិតនីវ៉ូទឹកសមុទ្រ ហើយការយល់ដឹងអំពីបម្រែប្រមូលទាំងនេះ ក៏មានសារៈសំខាន់ ក្នុងការព្យាករណ៍អំពីបរិមាណផ្គត់ផ្គង់នៃទឹកសាប និងផ្ទៃដីដែលអំណោយផលសម្រាប់វិស័យកសិកម្មផងដែរ៕