(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងបានរៀបចំផែនការរួចហើយ នៅក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីធ្វើកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងបន្តមានជីវិតទៅមុខ បើទោះបីជាជំនួបកំពូលដែលគ្រោងធ្វើឡើងរវាង លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ត្រូវបានលុបចោលក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨។
លោក បេក តៃយុន (Baek Tai-hyun) អ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិ នៃប្រទេសកូរ៉េខាងត្បូងបានថ្លែងថា រដ្ឋាភិបាលទីក្រុងសេអ៊ូល នឹងបង្កើតកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីរក្សាកិច្ចពិភាក្សាគ្នាទៅមុខទៀតរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក បើទោះបីជាជំនួបនៅសិង្ហបុរី ដែលគ្រោងធ្វើឡើងរវាង លោក គីម និងលោក ត្រាំ ត្រូវបានប្រកាសលុបចោល កាលពីយប់ថ្ងៃព្រហស្បតិ៍នោះក៏ដោយ។
បើតាមការបញ្ជាក់របស់មន្ត្រីកូរ៉េខាងត្បូង នៅខណៈពេលដែលលោក មូន ជែអ៊ីន ទើបបញ្ចប់ទស្សនកិច្ចកាលពីដើមសប្តាហ៍នេះ នៅទីក្រុងវ៉ាស៊ីនតោននោះ ភាគីទាំងអស់ (ចិន កូរ៉េខាងត្បូង កូរ៉េខាងជើង និងសហរដ្ឋអាមេរិក) មិនមានការផ្លាស់ប្តូរជំហររបស់ពួកគេនោះឡើយ ដោយបញ្ហានានានៅតែត្រូវធ្វើការដោះស្រាយ តាមរយៈកិច្ចសន្ទនាគ្នា។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃព្រហស្បតិ៍ (ម៉ោងនៅអាស៊ីខាងកើត) លោក ដូណាល់ ត្រាំ បានបង្កភាពភ្ញាក់ផ្អើល តាមរយៈការប្រកាសលុបចោលជំនួបកំពូលជាប្រវត្តិសាស្ត្រជាមួយលោក គីម ជុងអ៊ុន ដែលគ្រោងនឹងធ្វើឡើងក្នុងប្រទេសសិង្ហបុរី នៅថ្ងៃទី១២ ខែមិថុនាខាងមុខនេះ ដោយសារតែការបញ្ចេញកំហឹង និងចេតនាចង់បង្ករឿងដោយបើកចំហនៅក្នុងសេចក្តីថ្លែងការណ៍មួយចំនួន នាពេលថ្មីៗនេះពីសំណាក់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ដែលបានព្រមានលុបចោលជំនួបនេះជាបន្តបន្ទាប់៕