(ហ្សាការតា)៖ សភា​ឥណ្ឌូណេស៊ី ​នាថ្ងៃសុក្រនេះ​បានសម្រេច​ជា​ឯកច្ឆ័ន្ទអនុម័ត​លើច្បាប់ប្រឆាំង​អំពើភេរវកម្ម ដែលតឹងរ៉ឹង​ជាងមុន ក្រោយ​ពី​​មានករណី​វាយប្រហារដោយ​បំផ្ទុះគ្រាប់បែក​​ជាបន្តបន្ទាប់។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅ​រសៀល​ថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨។

សេចក្តីព្រាងច្បាប់​ខាងលើនេះ តាមពិតបានជាប់​គាំងអស់រយៈពេលជិត ០២ឆ្នាំ​មកហើយ ដោយសារតែ​សភាឥណ្ឌូណេស៊ី បានជួបបញ្ហា​​​​លំបាកជុំវិញខ្លឹមសារ​លម្អិតរបស់វា រួមមានការកំណត់​និយមន័យ​ឲ្យភេរវកម្មជាដើម ប៉ុន្តែហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​យ៉ាងកក្រើកៗជា​​បន្តបន្ទាប់ នាខែឧសភានេះ បានបង្កើន​សម្ពាធបង្ខំឲ្យ​​ក្រុមអ្នកតាក់តែង​ច្បាប់ឥណ្ឌូណេស៊ី រួសរាន់​អនុម័ត​​​ច្បាប់​នេះ។​

​តាមរយៈការអនុម័ត​ច្បាប់ខាងលើ​នាពេលនេះ ប៉ូលិសឥណ្ឌូណេស៊ី មានសិទ្ធិ​ធ្វើការឃុំឃាំង​ជន​សង្ស័យជាភេរវករ បានរហូត​ដល់ ២១ថ្ងៃ​​​​​​​ ហើយពួកគេ​នឹងអាច​ចោទប្រកាន់​​​លើជនទាំង​ឡាយណា ដែលបាន​ចូលរួម ឬដើរកេណ្ឌពល​ឲ្យ​អង្គការ​ភេរវកម្ម នៅក្នុងប្រទេស​ឥណ្ឌូណេស៊ី​​ផ្ទាល់ ឬក៏នៅឯក្រៅ​ប្រទេស​ផងដែរ។

គួរជម្រាបថា មកទល់​ពេលនេះ ប៉ូលិស​ឥណ្ឌូណេស៊ី​បានបាញ់សម្លាប់​ជនសង្ស័យ ជា​សមាជិក​ក្រុម​​សកម្មប្រយុទ្ធ​​ចំនួន ១៤នាក់ និងចាប់ខ្លួន​៦០នាក់ គិតចាប់តាំង​តែពីការ​បំផ្ទុះគ្រាប់បែក​ កាលពី​ពាក់កណ្តាល​ខែនេះ នៅតាមព្រះវិហារ​សាសនាគ្រិស្ត​ និងប៉ុស្តិ៍ប៉ូលិស ដែលបានផ្តាច់​ជីវិតមនុស្ស​សរុបទាំងជន​ដៃដល់​ និងជនរងគ្រោះ​ប្រមាណជាង ២០នាក់ ខណៈជនបង្ក​ទាំងនោះគឺ​ជាក្រុមគ្រួសារ​ជ្រុលនិយម មានជាប់​ពាក់​ព័ន្ធនឹង​ក្រុមសកម្មប្រយុទ្ធ​នៅឥណ្ឌូណេស៊ី ដែលជា​បណ្តាញ​របស់ ISIS៕