(វ៉ាស៊ីនតោន)៖ សភាសហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានធ្វើការអនុម័តរួចរាល់ហើយ នូវកញ្ចប់ថវិកា ៧១៧ពាន់លានដុល្លារ (ប៊ីលានដុល្លារ) សម្រាប់ទ្រទ្រង់វិស័យការពារជាតិក្នុងមួយឆ្នាំបន្ទាប់ ដោយក្នុងនោះមានទាំងការបញ្ជាទិញនាវាចម្បាំង យន្តហោះចម្បាំង និងការជ្រើសរើសទ័ពបន្ថែម ហើយអ្វីដែលសំខាន់បំផុត និងជាការចង់បានរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នោះ គឺការរៀបចំធ្វើព្យុហយាត្រាទ្រង់ទ្រាយធំ នៅរដ្ឋធានីវ៉ាស៊ីនតោនតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨។
ការអនុម័តនេះត្រូវបានធ្វើឡើង ក្រោមការគាំទ្ររបស់អ្នកតំណាងរាស្ត្រនៃបក្សកាន់អំណាច (សាធារណរដ្ឋ) ចំនួន ២២០រូប និងគណបក្សប្រជាធិបតេយ្យចំនួន ១៣១រូប ដែលបានបោះឆ្នោតគាំទ្រទៅលើផែនការសកម្មភាព នៃការគ្រប់គ្រងវិស័យការពារជាតិ ឬ NDAA សម្រាប់រយៈពេលមួយឆ្នាំ គិតពីពាក់កណ្តាលឆ្នាំ២០១៨ រហូតដល់ពាក់កណ្តាលឆ្នាំ២០១៩ (ដែលហៅថាឆ្នាំសារពើពន្ធ) ខណៈដែលសមាជិបក្សប្រជាធិបតេយ្យ ៥៩រូប បានបោះឆ្នោតជំទាស់ និងសមាជិកបក្សសាធារណរដ្ឋ ០៧រូប ក៏ជំទាស់ដូចគ្នា។
នៅក្នុងឱកាសនៃការបោះឆ្នោតអនុម័តថវិកាជាតិ សម្រាប់វិស័យការពារជាតិខាងលើនេះ លោក ផូល រីយ៉ាន (Paul Ryan) ប្រធានសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា «កញ្ចប់ថវិកានេះ គឺសម្រាប់ជម្រុញការហ្វឹកហ្វឺន, កញ្ចប់ថវិកានេះ ដើម្បីទិញបរិក្ខាបន្ថែម, វាជាការបង្កើនសក្តានុពល នៃមូលដ្ឋានយោធាទាំងឡាយរបស់យើង និងបង្កើតសមត្ថភាពជួរមុខ នៃប្រព័ន្ធការពារមីស៊ីល...។»
គួរបញ្ជាក់ថា បើតាម NDAA នៃសភាអាមេរិកថវិកាខាងលើនេះ គឺនឹងត្រូវចែក ៦១៧ពាន់លានដុល្លារ ទៅកាន់មូលដ្ឋានទ័ពនានា, ៦៩ពាន់លានដុល្លារសម្រាប់ ទ្រទ្រង់ការធ្វើប្រតិបត្តិការយោធា (សង្គ្រាម) នៅក្រៅប្រទេស និង ២២ពាន់លានដុល្លារសម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែរ ស្ថិតនៅក្នុងក្រោមការគ្រប់គ្រងរបស់អាជ្ញាធរដោះស្រាយគ្រាមានអាសន្ន។ វិស័យការពារជាតិ ក៏នឹងធ្វើការចាត់ចែងថវិកា ២៥ពាន់លានដុល្លារ សម្រាប់ទិញបរិក្ខាទ្រទ្រង់នានា, នាវាចម្បាំងថ្មី ០៣គ្រឿង, យន្តហោះចម្បាំង F-35 ចំនួន ៧៧គ្រឿង និងការបង្កើនសមត្ថភាពសព្វាវុធយោធាជាច្រើនគ្រឿងទៀត៕