ឧកញ៉ា អូស្មាន ហាស្សាន់ អញ្ជើញពិនិត្យលទ្ធភាពអភិវឌ្ឍន៍មជ្ឈមណ្ឌលអប់រំខ្មែរឥស្លាម ដ៏ចំណាស់មួយនៅម៉ាឡេស៊ី ដែលកសាងតាំងពីទស្សវត្ស៨០
25-05-2018 13:03
(ម៉ាឡេស៊ី)៖ លើទឹកដីនៃរដ្ឋ Kelantan ប្រទេសម៉ាឡេស៊ី លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងរៀបចំពិធីពិសាអាហារស្រាយបួសរ៉ាម៉ាឌន ជាមួយស្ថាបនិក គណៈកម្មការ និងសិស្សមជ្ឈមណ្ឌលអប់រំឥស្លាម PPI Kota Bahru រដ្ឋ Kelantan ដែលមានចំងាយ៤៥០គីឡូម៉ែត ពីទីក្រុងគូឡាឡាំពួរ។
លោកសាស្ត្រាចារ្យ មូសា សាឡេះ បានជម្រាបពីសាវតានៃមជ្ឈមណ្ឌលនេះថា ជាថ្នាលបណ្តុះបណ្តាលកូនខ្មែរតែមួយគត់ ដែលកសាងនៅឆ្នាំ១៩៨៧ ហើយដំណើរការឆ្នាំ១៩៩០ ជាគំនិត្យផ្តួចផ្តើម និងកសាងដោយកូនខ្មែរ ២រូប គឺរូបលោក និងសាច់ញាតិម្នាក់ទៀត ហើយមជ្ឈមណ្ឌលនេះ ជាថ្នាលបណ្តុះបណ្តាល ដែលទទួលសិស្សខ្មែរឥស្លាម ដែលមករស់នៅសិក្សាបំប៉នចំណេះដឹង មុននឹងទៅប្រលងប្រជែងជាមួយសាលារដ្ឋម៉ាឡេស៊ី។
មកដល់បច្ចុប្បន្ន មជ្ឈមណ្ឌលសម្រេចបានការបណ្តុះបណ្តាលធនធានមនុស្ស មិនតិចជាង១,០០០នាក់ ដែលបានបញ្ចប់ការសិក្សាពីម៉ាឡេស៊ី និងបណ្តាប្រទេសផ្សេងៗ ហើយក្លាយជាបញ្ញវ័ន្ត សាស្ត្រាចារ្យ បណ្ឌិត អ្នកជំនួញ បុគ្គលិកក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋ។
ដោយពិនិត្យមើលឃើញពីសភាពចាស់ទ្រុឌទ្រោម របស់មណ្ឌលអប់រំដែលចំណាស់មួយនេះ លោក អូស្មាន ហាស្សាន់ បានជម្រាបដល់ គណៈគ្រប់គ្រងមជ្ឈមណ្ឌលថា លោកនឹងព្យាយាម ដោះស្រាយគ្រប់នីតិវិធី ដើម្បីធ្វើការអភិវឌ្ឍន៍មជ្ឈមណ្ឌលប្រវត្តិសាស្រ្តមួយនេះ ឲ្យបានល្អប្រសើរ តាំងពីអាគារសិក្សា ការិយាល័យរដ្ឋបាល និងកម្រិតស្តង់ដារអប់រំជាដើម។
លោកក៏បានកោតសរសើរដល់ស្ថាបនិក និងគណៈកម្មការទាំងអស់ ដែលបានពលីតស៊ូ ដើម្បីកូនខ្មែរ បង្កើតបានជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស មួយយ៉ាងសំខាន់ និងមានសារៈប្រយោជន៍បំផុត ដល់សង្គមជាតិកម្ពុជាទាំងមូល៕