(ម៉ានីល)៖ ​ភ្នំភ្លើងសកម្មជាង​គេ​របស់ហ្វីលីពីន ម៉ាយ៉ុន (Mayon) អាចនឹង​បញ្ចេញសកម្មភាព​​នាពេល​ឆាប់ៗនេះ ដែលជាហេតុ​ធ្វើឲ្យ​អាជ្ញាធរ​​​ព្រមាន​ដល់​​ប្រជាជន​ឲ្យនៅឲ្យឆ្ងាយពី​តំបន់​គ្រោះថ្នាក់ ដែលស្ថិតនៅរង្វង់ ០៦គីឡូម៉ែត្រ ជុំវិញ​ភ្នំភ្លើងនេះ ដោយសារតែ​វាអាចនឹងផ្ទុះឡើង​បានភ្លាមៗ​នៅ​​គ្រប់​ពេល​​​។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨។

នៅក្នុងអំឡុង​រយៈពេល ២៤ម៉ោង ចុងក្រោយនេះ បើតាម​វិទ្យាស្ថាន​ឃ្លាំមើល​សកម្មភាព​ភ្នំភ្លើង ​និងរញ្ជួយ​ផែនដី​របស់​​ហ្វីលីពីន ហ្វីវ៉ុសាល់ (Phivocsl) ​​គេ​បាន​​សង្កេតឃើញ​មានរំញ័រ​កើត​មានឡើង​ចំនួន ០២លើក នៅក្នុង​ភ្នំភ្លើង Mayon។ ភ្នំភ្លើងដែល​មានកម្ពស់ ២,៤៦០ម៉ែត្រ ស្ថិតនៅខេត្ត អាល់បេយ (Albay) ចម្ងាយ​ប្រហែល​ជា ៣០០គីឡូម៉ែត្រ​ នៃភាគអាគ្នេយ៍​​រដ្ឋធានី​ម៉ានីល ក្នុងដែនកោះ​លូហ្សុន (Luzon)។

គួរជម្រាបថា ហ្វីលីពីន គឺជាប្រទេសងាយ​នឹងទទួលរងការវាយប្រហារ​ពី​គ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើង ដោយសារតែ​ប្រទេសនេះ ស្ថិតនៅ​លើតំបន់ខ្សែក្រវាត់ភ្លើង​ នៃមហាសមុទ្រ​ប៉ាស៊ីហ្វិក ដែលគេ​ហៅថា Pacific Ring of Fire៕