(ឡាហាវ៉ាន់)៖ អាជ្ញាធរគុយបាទីបំផុតបានរកឃើញប្រអប់ខ្មៅទីពីរ ដែលផ្ទុកនូវទិន្នន័យហោះហើររបស់យន្តហោះ Boeing 737-200 ដែលបានធ្លាក់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងឡាហាវ៉ាន់ នាថ្ងៃទី១៨ ខែឧសភា ហើយប្រការនេះ អាចនឹងធ្វើឲ្យមូលហេតុនៅពីក្រោយពីក្រោយសោកនាដកម្មតាមផ្លូវអាកាសដ៏អាក្រក់នេះ ត្រូវបានលាតត្រដាងនាពេលឆាប់ៗ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨។
ប្រអប់ខ្មៅទីពីរនេះ ត្រូវបានរកឃើញនៅតំបន់កើតហេតុ ក្នុងរយៈពេលជិតមួយសប្តាហ៍ក្រោយ គ្រោះថ្នាក់ធ្លាក់យន្តហោះបានកើតឡើង ខណៈប្រអប់ខ្មៅទីមួយ ដែលមានផ្ទុកនូវសំឡេងត្រូវបានរកឃើញ នៅប៉ុន្មានថ្ងៃក្រោយ យន្តហោះធ្លាក់។ បើតាមអាជ្ញាធរគុយបា ការរកឃើញនៃប្រអប់ខ្មៅទីពីរនេះ អាចសម្រេចទៅបាន គឺដោយសារតែការវិភាគរបស់ក្រុមអ្នកជំនាញ សាក្សីនានា និងប្រជាជនដែលរស់នៅក្បែរនោះ។
គួរជម្រាបថា យន្តហោះខាងលើ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនម៉ិចស៊ីកូ Damojh ឬ Global Air ប៉ុន្តែត្រូវបានជួលដោយក្រុមហ៊ុនអាកាសចរណ៍គុយបា មានផ្ទុកមនុស្សសរុបចំនួន ១១៣នាក់នៅលើនោះ។ ហេតុការណ៍ដ៏អាក្រក់កាលពីសប្តាហ៍មុន បានផ្តាច់ជីវិតមនុស្សចំនួន ១១១នាក់ ក្នុងនោះរួមមានជនជាតិគុយបា ១០០នាក់ ជនបរទេស ០៥នាក់ និងសហសេវិកមកពីម៉ិចស៊ីកូទាំង ០៦នាក់ ខណៈស្រ្តីពីររូបដែលនៅមានជីវិតនោះ កំពុងបន្តស្ថិតក្រោមស្ថានភាពធ្ងន់ធ្ងរដដែល មកទល់ពេលនេះ៕