(ហ្សឺណែវ)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាតូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានបង្ហាញការព្រួយបារម្ភជាខ្លាំង ក្រោយទទួលបានដំណឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តលុបចោលជំនួបកំពូល ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលដំបូងឡើយគ្រោងធ្វើឡើងក្នុងប្រទេសសិង្ហបុរីនៅថ្ងៃទី១២ ខែមិថុនា ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨។
លោក Guterres ថ្លែងបែបនេះនៅក្នុងសុន្ទរកថាមួយ នៅឯសាកលវិទ្យាល័យទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ថ្លៃងនាឱកាសនោះ អគ្គលេខារូបនេះបានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំពិតជាមានការព្រួយបារម្ភជាពន់ពេក ជុំវិញការលុបចោល ជំនួបដែលគ្រោងទុកនៅក្នុងប្រទេសសិង្ហបុរីរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន»។ ដោយឡែកក្រៅតែពីការព្រួយបារម្ភ លោកក៏បានជម្រុញផងដែរ ឱ្យភាគីទាំងពីរបន្តកិច្ចសន្ទនា ដើម្បីស្វែងរកជំហានមួយឆ្ពោះទៅរកសន្តិភាព និងការលុបបំបាត់អាវុធ នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។
គួរជម្រាបថា សុន្ទរកថារបស់លោក Guterres ធ្វើឡើងស្ដីពីការលុបអាវុធនៅលើពិភពលោក ហើយបើតាមរូបលោកអាវុធនុយក្លេអ៊ែរជាង ១៥,០០០គ្រាប់ នៅតែមាននៅក្នុងស្តុកនៅជុំវិញពិភពលោក ខណៈរាប់រយគ្រាប់អាចនឹងត្រូវបាញ់ចេញគ្រប់ពេលក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ «យើងកំពុងរស់នៅក្នុងពេលវេលាដ៏គ្រោះថ្នាក់ ហើយភាពតានតឹងនៃសង្រ្គាមត្រជាក់បាននិងកំពុង ត្រឡប់ជាថ្មីមកកាន់ពិភពលោក ដែលកំពុងតែកាន់តែមានភាពស្មុគស្មាញ»។ នេះបើតាមការកត់សម្គាល់របស់ លោក Antonio Guterres៕