(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នឹងប្រកាសដាក់ទណ្ឌកម្មសាជាថ្មីប្រឆាំងនឹងកូរ៉េខាងជើង នៅសប្ដាហ៍ក្រោយនេះ បន្ទាប់ពីលោក ដូណាល់ ត្រាំ សម្រេចចិត្តលុបចោលជំនួបកំពូលជាមួយមេដឹកនាំទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃ ទី១២ ខែមិថុនាខាងមុខនេះ ក្នុងប្រទេសសិង្ហបុរី។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨។
យោងតាមកាសែតអាមេរិក The Wall Street Journal សេតវិមានកំពុងពិចារណាលើទណ្ឌកម្មជាច្រើន ប្រឆាំងនឹងកូរ៉េខាងជើង ដែលទំនងជាអាចនឹងត្រូវប្រកាសនៅសប្ដាហ៍ក្រោយនេះ។ កាលពីថ្ងៃព្រហស្បតិ៍ លោក ដូណាល់ ត្រាំ បានប្រកាសលុបចោលជំនួបកំពូលជាប្រវត្តិសាស្ត្រ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង តាមរយៈលិខិតមួយផ្ញើជូនលោក គីម ជុងអ៊ុន ដោយបញ្ជាក់ថា ការ សម្រេចចិត្តនេះគឺដោយសារតែការបញ្ចេញកំហឹង និងចេតនាចង់បង្ករឿងដោយបើកចំហ នៅក្នុងសេចក្តីថ្លែងការណ៍មួយចំនួននាពេលថ្មីៗនេះ ពីសំណាក់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។
តែទោះជាយ៉ាងនេះក្ដី អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក គីម គ្យេក្វាន (Kim Kye Gwan) បញ្ជាក់ថា កូរ៉េខាងជើងនៅតែមានបើទ្វារចរចា ជាមួយសហរដ្ឋអាមេរិកគ្រប់ពេលវេលា។ ប៉ុន្តែលោកចាត់ទុកថា ការសម្រេចចិត្តរបស់លោក ត្រាំ គឺជារឿងគួរឱ្យសោកស្ដាយជាទីបំផុត។ «យើងនៅតែមានឆន្ទៈអង្គុយចុះចរចា មួយទល់នឹងមួយជាមួយសហរដ្ឋអាមេរិក ក៏ដូចជាដោះស្រាយបញ្ហាគ្រប់ពេលវេលា និងគ្រប់ទម្រង់ទាំងអស់»។ នេះជាការលើកឡើងរបស់ លោក Kim Kye Gwan៕