(សេអ៊ូល)៖ មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងម្នាក់ នៅថ្ងៃសុក្រនេះបាននិយាយថា ប្រទេសរបស់លោក នៅតែចង់បើកកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក ហើយដែលនេះគឺជាចម្លើយឆ្លើយតបទៅនឹង ការសម្រេចចិត្តលុបចោលជំនួបជាមួយលោក គីម ជុងអ៊ុន ពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយសារព័ត៌មានរដ្ឋ KCNA អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក គីម គ្យេក្វាន (Kim Kye-gwan) បានគូសបញ្ជាក់ដូច្នេះថា «យើងនៅតែមានឆន្ទៈអង្គុយចុះចរចា មួយទល់នឹងមួយជាមួយសហរដ្ឋអាមេរិក ក៏ដូចជាដោះស្រាយបញ្ហាគ្រប់ពេលវេលា និងគ្រប់ទម្រង់ទាំងអស់»។ លើសពីនេះទៅទៀត មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងរូបនេះ ក៏បានចាត់ទុកដែរថា ការ សម្រេចចិត្តរបស់លោក ត្រាំ គឺជារឿងគួរឱ្យសោកស្ដាយជាទីបំផុត ប៉ុន្តែលោកថាកូរ៉េខាងជើងនៅតែបើកទ្វារចរចាជាមួយសហរដ្ឋអាមេរិក គ្រប់ពេលវេលា។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ លោក ដូណាល់ ត្រាំ បានបង្កភាពភ្ញាក់ផ្អើល តាមរយៈការប្រកាសលុបចោលជំនួបកំពូលជាប្រវត្តិ សាស្ត្រជាមួយលោក គីម ជុងអ៊ុន ដែលគ្រោងនឹងធ្វើឡើងក្នុងប្រទេសសិង្ហបុរី នៅថ្ងៃទី១២ ខែមិថុនាខាងមុខនេះ ដោយសារតែការបញ្ចេញកំហឹង និងចេតនាចង់បង្ករឿងដោយបើកចំហនៅក្នុងសេចក្តីថ្លែងការណ៍មួយចំនួន នាពេលថ្មីៗនេះពីសំណាក់រដ្ឋាភិបាល ទីក្រុងព្យុងយ៉ាង ដែលបានព្រមលុបចោលជំនួបនេះជាបន្តបន្ទាប់៕