(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា យោធាអាមេរិក​បានត្រៀមខ្លួន​ជាស្រេចក្នុង​ករណីដែល កូរ៉េខាងជើង​ធ្វើសកម្មភាព​ឆ្កួតលីលា ឬធ្វេសប្រហែស​ណាមួយ បន្ទាប់ពីលោក​បានសម្រេចចិត្ត​ លុបចោលជំនួប​កំពូលជា​មួយ លោក គីម ជុងអ៊ុន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ យ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨។

កាលពី​ថ្ងៃព្រហស្បតិ៍ លោក ដូណាល់ ត្រាំ បានប្រកាស​លុបចោលជំនួបកំពូល​អាមេរិក-​កូរ៉េខាងជើង​ ដែលគ្រោងនឹង​ប្រព្រឹត្តទៅ​នៅថ្ងៃ ទី១២ ខែមិថុនា​ខាងមុខនេះ ក្នុងប្រទេស​សិង្ហបុរី។ មិនតែ​ប៉ុណ្ណោះ លោកក៏​បានចាត់​ទុកផងដែរថា នេះគឺជាបរាជ័យ​មួយដ៏ធំ​សម្រាប់​កូរ៉េខាងជើង និងពិភពលោក​ហើយថា ជំនួបកំពូល​នេះអាចនឹងកើត​មានឡើង លុះត្រាតែ​លក្ខខណ្ឌ​ទាំងឡាយ​របស់ទីក្រុង​វ៉ាស៊ីនតោន ត្រូវបាន​អនុវត្តន៍។

លោក ត្រាំ បានលើកឡើង​នៅឯសេតវិមានយ៉ាង​ដូច្នេះថា «យោធារបស់​យើងដែល​មានភាពខ្លាំងក្លាជាង​គេនៅលើពិភពលោក ដូចអ្នក​ទាំងអស់គ្នា​បានដឹង និងបាន​ត្រៀមខ្លួនរួច​ជាស្រេច នៅក្នុងករណីចាំបាច់។ មួយវិញទៀត ខ្ញុំបានពិភាក្សា​ជាមួយ​កូរ៉េខាងត្បូង និងជប៉ុន ហើយពួកគេ​មិនត្រឹមតែត្រៀម​ឆ្លើយតបនឹង​ទង្វើឆ្កួតលីលា ឬធ្វេសប្រហែសរបស់កូរ៉េខាងជើង​ប៉ុណ្ណោះទេ តែពួកគេថែម​ទាំងមានបំណង​ធានាផ្ដល់ហិរញ្ញវត្ថុ​ ពាក់ព័ន្ធនឹង​ប្រតិបត្តិការ​របស់សហរដ្ឋអាមេរិក​ទៀត​ផង»

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានប្រកាស​លុបចោលជំនួបកំពូល​ជាប្រវត្តិសាស្ត្រ​រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង តាមរយៈលិខិត​មួយផ្ញើជូន​លោក គីម ជុងអ៊ុន ដោយបញ្ជាក់​ថា ការសម្រេចចិត្តនេះ គឺដោយសារ​តែការបញ្ចេញ​កំហឹង និងចេតនា​ចង់ បង្ករឿងដោយ​បើកចំហ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយចំនួន​នាពេលថ្មីៗនេះ​ ពីសំណាក់​រដ្ឋាភិបាល ទីក្រុង​ព្យុងយ៉ាង។ ប៉ុន្តែទន្ទឹមគ្នា ក្រុមអ្នក​ជំនាញខ្លះ ធ្លាប់បាន​ព្រមានថា បើជំនួបនេះ​បរាជ័យ ភាពតានតឹង​នៅលើឧបទ្វីប​កូរ៉េ​ អាចនឹងផ្ទុះ​ឡើងខ្លាំង​ជាងពេលមុនៗទៅ​ទៀត រហូត​ដល់បង្កជាជម្លោះ​ប្រដាប់អាវុធ​ក៏ថា​បាន៕