(កូឡាឡុំាពួ)៖ ក្រុមអ្នកស៊ើបអង្កេត បានសាកសួរអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak អស់រយៈពេលជាង៦ម៉ោង នៅទីស្នាក់ការគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) នៅថ្ងៃព្រហស្បត្តិ៍នេះ ហើយបានអនុញ្ញាតឲ្យលោកវិលត្រឡប់ទៅផ្ទះវិញ ខណៈការស៊ើបអង្កេត ពាក់ព័ន្ធនឹងមូលនិធិអភិវឌ្ឍន៍រដ្ឋ 1MDB នៅតែបន្តធ្វើឡើង, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយឲ្យដឹងនាយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ។
លោក Najib បានទៅដល់គណៈកម្មការប្រឆាំងអំពើពុករលួយ នៅវេលាម៉ោងប្រមាណ៩៖៤៥នាទីព្រឹក ហើយបានចេញមកវិញ នៅវេលាម៉ោងប្រមាណ៤៖៥០នាទីល្ងាច។ លោក Najib បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកបានបញ្ចប់នូវការកត់ត្រាចម្លើយរបស់លោកហើយ។
ការបង្ហាញខ្លួនរបស់លោក Najib ត្រូវបានធ្វើឡើងបន្ត ពីការសាកសួរជាលើកទី១ កាលពីថ្ងៃអង្គារកន្លងទៅ នៅពេលដែលលោកត្រូវបានគេសួរ ឲ្យពន្យល់ពីការជាប់ពាក់ព័ន្ធ ទឹកប្រាក់ប្រមាណ១០.៥៥លានដុល្លារអាមេរិក ដែលដាក់ក្នុងគណនីធនាគារផ្ទាល់ខ្លួនរបស់លោក។
លោក Najib បានបដិសេធក្នុងការប្រព្រឹត្តកំហុសណាមួយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ មុនពេលការសាកសួរ, លោក Najib បានចោទប្រកាន់ រដ្ឋាភិបាលថ្មីនេះ ហើយបានស្នើឲ្យបញ្ឈប់ការលែងល្បែងនយោបាយនេះ៕