(អាមេរិក)៖ ទីបំផុតភាពស្រពិចស្រពិលលែងមានទៀតហើយ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានសរសេរលិខិតមួយច្បាប់ ផ្ញើទៅកាន់លោក គីម ជុងអ៊ុន ដោយផ្ទាល់ថា គម្រោងជំនួបកំពូលរវាងអាមេរិក និងកូរ៉េខាងជើង ដែលបម្រុងធ្វើឡើងនៅប្រទេសសិង្ហបុរី នាថ្ងៃទី១២ ខែមិថុនា ខាងមុខ នឹងមិនកើតឡើងនោះឡើយ។ នេះបើតាមសេចក្តីប្រកាសរបស់សេតវិមាន ដកស្រង់ដោយសារព័ត៌មាន Fox News នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែឧសភា ឆ្នាំ២០១៨។
បើតាមលិខិតរបស់លោក ត្រាំ ដែលត្រូវបានប្រកាសជាសាធារណៈដោយសេតវិមាន មូលហេតុនៃការសម្រេចចិត្តលុបចោលជំនួប ដែលគ្រប់គ្នាបានទន្ទឹងរង់ចាំយ៉ាងអន្ទះសានេះ គឺដោយសារតែការបញ្ចេញកំហឹង និងចេតនាចង់បង្ករឿងដោយបើកចំហ នៅក្នុងសេចក្តីថ្លែងការណ៍មួយចំនួន នាពេលថ្មីៗនេះ ពីសំណាក់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ ដូច្នេះហើយ លោក ដូណាល់ ត្រាំ បានសម្រេចថា នាខណៈពេលនេះ វាពុំមែនជាពេលវេលាសាកសម ដើម្បីបើកកិច្ចប្រជុំនេះឡើយ។
យ៉ាងណាមិញនៅក្នុងនោះ លោក ត្រាំ នៅតែបានបង្ហាញពីឆន្ទៈចង់ជួបមុខគ្នាដដែល បើអាចនៅថ្ងៃណាមួយផ្សេងទៀត នាពេលអនាគត ហើយសម្រាប់ពេលនេះវិញ លោក បានថ្លែងអំណរគុណដល់លោក គីម សម្រាប់ការដោះលែងលែងជនជាតិអាមេរិកចំនួន ០៣នាក់ ពីកូរ៉េខាងជើងឲ្យត្រឡប់មកកាន់ប្រទេសកំណើត គឺមកជួបជុំក្រុមគ្រួសាររបស់ពួកគេវិញ ដោយវាគឺជាកាយវិការដ៏ល្អមួយ។
ជាចុងក្រោយលោក ដូណាល់ ត្រាំ បានបង្ហាញការសោកស្តាយថា ពិភពលោកជាពិសេសនោះ គឺកូរ៉េខាងជើងតែម្តង បានបាត់បង់ឱកាសដ៏វិសេសមួយ សម្រាប់ការបង្កើតសន្តិភាពដែលយូរអង្វែង ព្រមទាំងវិបុលភាពក៏ដូចជាភាពស្តុកស្តម្ភអស្ចារ្យ ហើយការបាត់បង់ឱកាសនេះ ពិតជារឿងពិតជាគួរឲ្យសោកស្តាយមែនទែន នៅក្នុងប្រវត្តិសាស្រ្តពិភពលោក។
គួរជម្រាបថា ការសម្រេចចិត្តរបស់លោក ត្រាំ ត្រូវបានធ្វើឡើងចំពេលដែលអនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង បានបញ្ជាក់ថា ការចរចា ឬការប្រឈមមុខដាក់គ្នាដោយអាវុធនុយក្លេអ៊ែរ គឺអាស្រ័យទាំងស្រុងលើការសម្រេចចិត្ត និងអាកប្បកិរិយារបស់សហរដ្ឋអាមេរិក ហើយលោកស្រី ក៏បានបញ្ចេញប្រតិកម្មខឹងសម្បារផងដែរ ចំពោះការលើកឡើងរបស់អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) ដែលថា កូរ៉េខាងជើងអាចនឹងបញ្ចប់វាសនាដូចប្រទេសលីប៊ី បើសិនជាមិនព្រមចរចារឿងនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក៕