(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ី បានចេញសារណែនាំ ដើម្បីជូនដំណឹងដល់យន្តហោះដឹកអ្នកដំណើរនានា ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់អំពីកម្អែរផេះដែលបាញ់ចេញពីភ្នំភ្លើងសកម្មជាងគេបំផុត នៅក្នុងប្រទេសនេះមានឈ្មោះថា Merapi នៅលើកោះជ្វា៕
២៖ មន្ទីរបញ្ចកោណបានឱ្យដឹងថា ខ្លួនមិនបានអញ្ជើញភាគីចិនឱ្យចូលរួមក្នុងសមយុទ្ធយោធាជើងទឹកទ្រង់ទ្រាយធំ ដែល រៀបចំឡើងដោយសហរដ្ឋអាមេរិកនោះទេ ដោយសារតែទីក្រុងប៉េកាំង បង្កើនសកម្មភាពយោធានៅឯតំបន់សមុទ្រចិនខាងត្បូង៕
៣៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ ដែលកំពុងប្រឈមមុខនឹងការស៊ើបអង្កេត លើសំណុំរឿងពុករលួយ បានត្រឡប់មកកាន់ទីស្នាក់ការគណៈកម្មការស៊ើបអង្កេត ប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) នៅព្រឹកថ្ងៃព្រហស្បតិ៍ ដើម្បីទទួលការសួរចម្លើយជាលើកទី២៕
៤៖ ជាងថតរូបជើងចាស់ម្នាក់របស់ទីភ្នាក់ងារ NASA គឺជាអ្នកដែលធ្វើការឡើងស៊ាំទៅហើយ ជាមួយការបាញ់បង្ហោះគ្រាប់រ៉ុក្កែត ប៉ុន្តែសូម្បីតែរូបលោកក៏មានការភ្ញាក់ផ្អើលផងដែរ នៅពេលកាមេរ៉ាបញ្ជាពីចម្ងាយមួយគ្រឿងរបស់ខ្លួនបានរលាយខូចខាត ដោយសារអណ្តាតភ្លើងនៃការបោះបង្ហោះរ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX នាពេលថ្មីៗនេះ៕
៥៖ កងយន្តហោះចម្បាំងរបស់ក្រុមចំរុះអន្តរជាតិ ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានវាយប្រហារទៅលើទីតាំងយោធាស៊ីរីពីរកន្លែង នៅឯតំបន់វាលខ្សាច់ភាគខាងកើតប្រទេសស៊ីរី៕
៦៖ កូរ៉េខាងជើង ជាថ្មីម្ដងទៀតនៅថ្ងៃព្រហស្បតិ៍នេះ បានព្រមានថានឹងលុបចោលជំនួបកំពូលដែលបានគ្រោងទុកជាមួយ សហរដ្ឋអាមេរិក បើសិនជាទីក្រុងវ៉ាស៊ីនតោន មិនព្រមបញ្ឈប់សកម្មភាពខុសច្បាប់ និងទង្វើអសីលធម៌ទេនោះ៕