(ហូឡង់)៖ ក្រុមអ្នកស៊ើបអង្កេតអន្តរជាតិ ដឹកនាំដោយប្រទេសហូឡង់បានឱ្យដឹងថា មីស៊ីលប្រភេទ Buk ដែលត្រូវបានគេប្រើប្រាស់ ដើម្បីបាញ់ទម្លាក់ជើងហោះហើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ កាលពីជិត ០៤ឆ្នាំមុន គឺមានប្រភពមកពីមូលដ្ឋានយោធាក្នុងទឹកដីរុស្ស៊ី។ ការអះអាងនេះធ្វើឡើងដោយផ្អែកលើការវិភាគរូបភាព និងវីដេអូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៤ ខែឧសភា ឆ្នាំ២០១៨។
យោងតាមលោក វាលប៊ឺត ផូលីសសិន (Wilbert Paulissen) មកពីស្ថាប័នប៉ូលិសជាតិហូឡង់ មីស៊ីលខាងលើមានប្រភពមកពីកងអង្គភាពមីស៊ីលប្រឆាំង យន្ដហោះលេខរៀងទី ៥៣ នៃយោធារុស្ស៊ីស្ថិតនៅក្នុងទីក្រុងឃើសក៍ (Kursk)។ ប៉ុន្តែ ការលើកឡើងរបស់លោក Paulissen ធ្វើឡើងដោយផ្អែក លើការបង្ហាញលទ្ធផលបឋម នៃការស៊ើបអង្កេតដ៏យូរជុំវិញការបាញ់ទម្លាក់យន្ដហោះ MH17 តែប៉ុណ្ណោះ ខណៈរុស្ស៊ីបានច្រានចោលរាល់ការចោទប្រកាន់មកលើខ្លួន។
គួររំលឹកថា យន្ដហោះ MH17 ត្រូវបានគេបាញ់ទម្លាក់នៅឯតំបន់ ដូណិត (Donetsk) នៃភាគខាងកើតប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ដោយផ្ដាច់យកជីវិតមនុស្ស នៅលើយន្ដហោះនេះទាំងអស់ ២៩៨នាក់ ក្នុងនោះភាគច្រើនអ្នកដំណើរជាជនជាតិហូឡង់៕