(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណបានឱ្យដឹងថា ខ្លួនមិនបានអញ្ជើញភាគីចិនឱ្យចូលរួមក្នុងសមយុទ្ធយោធាជើងទឹកទ្រង់ទ្រាយធំ ដែល រៀបចំឡើងដោយសហរដ្ឋអាមេរិកនោះទេ ដោយសារតែទីក្រុងប៉េកាំង បង្កើនសកម្មភាពយោធានៅឯតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែឧសភា ឆ្នាំ២០១៨។
ថ្លែងសន្និសីទសារព័ត៌មានអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក គ្រីស្តូហ្វឺ លូហ្គាន់ (Christopher Logan) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ជាការផ្ដួចផ្ដើមគំនិត ឆ្លើយតបទៅនឹងការបង្កើនសកម្មភាពយោធារបស់ចិន នៅឯតំបន់សមុទ្រចិនខាងត្បូង យើងបានសម្រេចចិត្ត មិនអញ្ជើញកងទ័ពប្រជាជនចិន (PLA) ចូលរួមក្នុងសមយុទ្ធយោធា Rim of the Pacific (RIMPAC) ក្នុងឆ្នាំ២០១៨ នេះទេ»។
លោក Logan មិនបញ្ជាក់អ្វីលម្អិត នៅពីក្រោយការសម្រេចចិត្តនេះឡើយ ដោយគ្រាន់តែអះអាងថា មានភស្ដុតាងយ៉ាងរឹងមាំបង្ហាញថា ចិនបានដាក់ពង្រាយប្រព័ន្ធ មីស៊ីលប្រឆាំងនឹងនាវាចម្បាំង មីស៊ីលការពារដែនអាកាស និងបរិក្ខាយោធាជាច្រើនទៀត នៅលើទីប្រជុំកោះ Spratly ក្នុងសមុទ្រចិនខាងត្បូង។
តែយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ចាត់ទុកថា នេះវាគឺជាការសម្រេចចិត្តគ្មានលក្ខណៈស្ថាបនា។ «យើង យល់វាគឺជាទង្វើគ្មានលក្ខណៈស្ថាបនា... ហើយយើងសង្ឃឹមថា សហរដ្ឋអាមេរិកនឹងផ្លាស់ប្ដូរគំនិតអវិជ្ជមានបែបនេះចេញ»។ នេះគឺជាគូសបញ្ជាក់របស់លោក វ៉ាង យី ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo។
គួរបញ្ជាក់ថា សមយុទ្ធយោធា Rim of the Pacific ឬគេហៅជាទូទៅថា RIMPAC គឺជាសមយុទ្ធយោធាជើងទឹកដ៏មួយលំដាប់អន្តរជាតិ ដែលត្រូវធ្វើឡើងជារៀងរាល់ ០២ឆ្នាំម្ដង នៅឯរដ្ឋហាវៃក្នុងខែមិថុនា និងខែកក្កដា ហើយសមយុទ្ធមុនៗចិនក៏ធ្លាប់បានចូលរួមផងដែរ៕