(តេហេរ៉ង់)៖ មេដឹកនាំ​កំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡាហ៍ អាលី ខាមេណៃ (Ali Khamenei) បានដាក់លក្ខខណ្ឌ​សំខាន់ៗ​មួយចំនួន​ ដើម្បីបន្តស្ថិត​នៅក្នុងកិច្ច​ព្រមព្រៀង នុយក្លេអ៊ែរ​កាលពី​ឆ្នាំ២០១៥។ លក្ខខណ្ឌ​ទាំងនោះ រួមមានការ​ការពារការលក់​ផលិត​ផលប្រេង និងពាណិជ្ជកម្ម​របស់​អ៊ីរ៉ង់ជា​ដើម បើពុំដូច្នោះទេ​ទីក្រុងតេហេរ៉ង់​នឹងចាប់ផ្ដើមកម្មវិធី​នុយក្លេអ៊ែរ​ឡើងវិញ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅ​រសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែឧសភា ឆ្នាំ២០១៨។

ការដាក់លក្ខខណ្ឌ​របស់លោក Khamenei ធ្វើឡើងនៅចំពេល​អង់គ្លេស បារំាង និងអាល្លឺម៉ង់ កំពុងព្យាយាម​រក្សាកិច្ចព្រម​ព្រៀងនុយ​ក្លេអ៊ែរអ៊ីរ៉ង់​កាលពីឆ្នាំ២០១៥ បន្ទាប់ពី​លោក ដូណាល់ ត្រាំ ប្រកាសដក​សហរដ្ឋអាមេរិកចេញ​ពីកិច្ចព្រមព្រៀងនេះ។

លក្ខខណ្ឌទាំងអស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់រួមមាន៖

១៖ មហាអំណាច​អឺរ៉ុបត្រូវតែ​ការពារការ​លក់ផលិតផល​ប្រេង​អ៊ីរ៉ង់ ពីទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក និងបន្តទិញ​ប្រេងឆៅ​ពីអ៊ីរ៉ង់។

២៖ ធានាគារអឺរ៉ុប​ត្រូវតែការពារពាណិជ្ជកម្ម​ជាមួយអ៊ីរ៉ង់។

៣៖ អង់គ្លេស បារាំង និងអាល្លឺម៉ង់​ត្រូវសន្យាថា មិនស្វែងរកកិច្ច​ចរចាស្ដីពីមីស៊ីល​បាលិស្ទីគ និងសកម្មភាពរ​បស់អ៊ីរ៉ង់​នៅក្នុងតំបន់ តាមការ​ស្នើពីសហរដ្ឋអាមេរិក​នោះទេ។

ប៉ុន្តែទន្ទឹមគ្នា លោក Khamenei ក៏បានព្រមាន​ដែរថា បើសិនជាលក្ខខណ្ឌ​ទាំងបីនេះមិន​ត្រូវបានអនុវត្តន៍នោះ អ៊ីរ៉ង់នឹងចាប់​ផ្ដើមអភិវឌ្ឍន៍​កម្មវិធីនុយក្លេអ៊ែរ​របស់ខ្លួន​ឡើងវិញ។

គួរជម្រាបថា កាលពីថ្ងៃចន្ទរដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ទណ្ឌកម្មប្រឆាំង​នឹងអ៊ីរ៉ង់ ដែល​ត្រូវបានលើកលែង​ក្រោយកិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​កាលពីឆ្នាំ២០១៥ នឹងត្រូវ​អនុវត្តន៍ជាថ្មី ហើយថា​ទីក្រុងវ៉ាស៊ីនតោន នឹងដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរបំផុត មិនធ្លាប់មាន​ប្រឆាំងនឹងទីក្រុង​តេហេរ៉ង់ បើមិនបញ្ឈប់​សកម្មភាពគំរាម​កំហែង​អ៊ីស្រាអែល និងសម្ព័ន្ធមិត្ត​អាមេរិកក្នុងតំបន់មជ្ឈិមបូព៌ាទេនោះ៕