(ហ្សាការតា)៖ ក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ី បានចេញសារណែនាំ ដើម្បីជូនដំណឹងដល់យន្តហោះដឹកអ្នកដំណើរនានា ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់អំពីកម្អែរផេះដែលបាញ់ចេញពីភ្នំភ្លើងសកម្មជាងគេបំផុត នៅក្នុងប្រទេសនេះមានឈ្មោះថា Merapi នៅលើកោះជ្វា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែឧសភា ឆ្នាំ២០១៨។
ភ្នំភ្លើង Merapi ដែលស្ថិតនៅតំបន់ព្រំដែននៃខេត្តជ្វាភាគកណ្តាល និងខេត្ត យ៉ូកយ៉ាការតា (Yogyakarta) បានផ្ទុះឡើងជាលើកទី ៥ នៅក្នុងសប្តាហ៍នេះ ដោយបានជះកម្អែរផេះឡើងលើផ្ទៃអាកាសកម្ពស់ដល់ទៅ ៦,០០០ម៉ែត្រ ខណៈប្រជាជនដែលរស់នៅក្បែរតំបន់រងផលប៉ះពាល់ ត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ី ណែនាំឲ្យប្រើប្រាស់ម៉ាស់ពាក់ការពារផ្លូវដកដង្ហើម ក៏ព្រោះតែកម្អែរ និងផេះនោះពោពេញដោយសារធាតុពុល។
គួរជម្រាបថា ភ្នំភ្លើងដែលជាភ្នំភ្លើងសកម្មបំផុតក្នុងចំណោមភ្នំភ្លើងសកម្មទាំង ១២៩ របស់ឥណ្ឌូណេស៊ីនេះបានផ្ទុះជារឿយៗ ចាប់តាំងពីឆ្នាំ១៩៤៨មក៕