(ប្រេស៊ីល)៖ បាតុកម្មតវ៉ាបិទ​ផ្លូវរបស់ក្រុមអ្នកបើក​រថយន្ដធុនធ្ងន់ នៅក្នុងប្រទេស​ប្រេស៊ីល​បានឈានចូល​ថ្ងៃទី៣ហើយ គិតត្រឹមថ្ងៃ​ពុធ​សប្ដាហ៍នេះ (ម៉ោងនៅ​ក្នុងតំបន់) ដោយសារ​តែពួកគេខឹងសម្បារ​ចំពោះការឡើង​ថ្លៃ​សាំង ដែលនេះបាន​ធ្វើឱ្យប៉ះពាល់​យ៉ាងខ្លាំង ដល់ការ​ផ្គត់ផ្គង់ឥន្ធនៈ និងម្ហូបអាហារ​នៅក្នុង​ប្រទេសធំជាងគេ​នៅអាមេរិកឡាទីន​មួយនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែឧសភា ឆ្នាំ២០១៨។

ក្រុមបាតុករ​បាននាំគ្នាធ្វើបាតុកម្ម​តវ៉ាប្រឆាំង​នឹងការឡើង​ថ្លៃសាំង។ ប៉ុន្តែទន្ទឹមគ្នា បាតុកម្មតវ៉ា​នេះ​បានបង្ខំ​ឱ្យទីផ្សារ និងអ្នកលក់ដូរ ក៏ដូចជាការ​ដឹកជញ្ជូនជាច្រើន​ត្រូវផ្អាកសកម្មភាព​របស់ខ្លួន ជាពិសេស​គឺនៅក្នុង​ទីក្រុង Rio de Janeiro។ ចំណែកឯ ប៉ូលិសនៅ​ក្នុងតំបន់ ក៏បានបញ្ជាក់ដែរ​ថាផ្លូវហៃវ៉េយ៉ាង​តិច ១៧ ក្នុងរដ្ឋចំនួន ២៧ ត្រូវផ្អាក​សកម្មភាព។

គួរបញ្ជាក់ថា ឆ្លើយតបទៅនឹង​ការស្នើសុំពីក្រុម​បាតុករ រដ្ឋាភិបាល​របស់ប្រធានាធិបតី​ប្រេស៊ីល លោក មីឈែល ធីមើ (Michel Temer) បានយល់ព្រម​កាត់បន្ថយពន្ធ​មួយចំនួន​លើប្រេងឥន្ធនៈ ប៉ុន្តែសមាគម​អ្នកបើរថយន្ដធុនធ្ងន់​អះអាងថា​ វិធានការនេះ​មិនទាន់គ្រប់គ្រាន់​នោះ​ទេ៕