(ហ្សាការតា)៖ ភ្នំភ្លើងសកម្មជាងគេនៅឥណ្ឌូណេស៊ី មឺរ៉ាពី (Merapi) ដែលស្ថិតនៅលើកោះជ្វាបានផ្ទុះឡើងជាថ្មីម្តងទៀត ដោយបានបាញ់កម្អែរផេះកម្ពស់ ៦,០០០ម៉ែត្រ ឡើងទៅលើផ្ទៃអាកាស។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅវេលារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែឧសភា ឆ្នាំ២០១៨។
ក្រោយហេតុការណ៍ផ្ទុះជះកម្អែរផេះ ឧស្ម័នពុលដូចជា H2S និង CO2 ក៏ត្រូវបានបញ្ចេញពីមាត់ភ្នំភ្លើងផងដែរ ដែលជាហេតុបង្ខំឲ្យអាជ្ញាធរឥណ្ឌូណេស៊ី ហាមប្រាមមិនឲ្យមានសកម្មភាពនានានៅរយៈចម្ងាយ ០៣គីឡូម៉ែត្រ ជុំវិញមាត់ភ្នំភ្លើងនោះឡើយ ព្រមទាំងបាន ទទូចឲ្យមានការប្រើប្រាស់ម៉ាស់ នៅតាមតំបន់ក្បែរៗនោះ។ កាលពីថ្ងៃអង្គារកន្លងទៅ ភ្នំភ្លើង Merapi ក៏បានផ្ទុះហើយបង្ខំឲ្យមនុស្ស ៦៦០នាក់ ជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេផងដែរ។
គួរជម្រាបថា គិតចាប់តាំងពីថ្ងៃចន្ទដើមសប្តាហ៍នេះមក ភ្នំភ្លើងខាងលើបានបញ្ចេញសកម្មភាព ០៥ លើកហើយ។ ភ្នំភ្លើង Merapi ដែលស្ថិតក្នុងចំណោមភ្នំភ្លើងសកម្មទាំង ១២៩ របស់ឥណ្ឌូណេស៊ីមានទីតាំងនៅចម្ងាយ ២៨គីឡូម៉ែត្រ ភាគខាងជើងទីក្រុងយ៉ូកយ៉ាការតា (Yogyakarta) ដែលមានចំនួនប្រជាជនរស់នៅ ២.៤លាននាក់ ហើយមនុស្សរាប់ពាននាក់ទៀត មានទីលំនៅជុំវិញភ្នំភ្លើងនេះ៕