(វ៉ាស៊ីនតោន)៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រី​ការបរទេសចិន លោក វ៉ាង យី បានកត់​សម្គាល់ថា សហរដ្ឋអាមេរិក​គួរតែគោរព​ឱ្យបានខ្ជាប់ខ្ជួន ចំពោះ​ការប្ដេជ្ញាចិត្តរបស់ខ្លួន​ លើគោល​នយោបាយ​ចិនតែមួយ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែឧសភា ឆ្នាំ២០១៨។

លោក វ៉ាង យី ថ្លែងបែបនេះ​ក្នុងសន្និសីទសារព័ត៌មាន​ ជាមួយរដ្ឋមន្ត្រី​ការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បន្ទាប់ពីជំនួប​របស់អ្នកទាំងពីរ។ លោក វ៉ាង បានគូស​បញ្ជាក់​ទៀតថា តៃវ៉ាន់ស្ថិតក្នុងដែនអធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំង​ជាផល​ប្រយោជន៍របស់ចិន ខណៈលោក Pompeo នៅតែអះអាងថា ការគោរពនយោបាយ​ចិនតែមួយ​របស់សហរដ្ឋអាមេរិក មិនមាន​ការផ្លាស់ ប្ដូរឡើយ ហើយថាគោល​នយោបាយអាមេរិក​ពាក់ព័ទ្ធនឹងបញ្ហាកោះតៃវ៉ាន់​ គឺនៅដដែល។

គួរបញ្ជាក់ថា ចម្លើយរបស់​លោក Mike Pompeo គឺឆ្លើយតបទៅ​នឹងអ្នកសារព័ត៌មាន​ម្នាក់ ដែលបានសួរ​លោកថា តើមានការផ្លាស់ប្ដូរ គោលនយាបាយ​ចិនតែមួយ​ដែរ ឬក៏យ៉ាងណា ស្របពេលទីក្រុងវ៉ាស៊ីនតោន​ បាន​និងកំពុងធ្វើ​សកម្មភាព​អវិជ្ជមាន​ជាបន្តបន្ទាប់​ជុំវិញបញ្ហា កោះតៃវ៉ាន់។ ចំណែកឯ លោក វ៉ាង យីក៏បាននិយាយ​ដែរថា សំនួររបស់អ្នក​សារព័ត៌មាន​រូបនេះ បង្ហាញពីភាព​សង្ស័យរបស់ចិន​ លើគោលនយោបាយ​អាមេរិកចំពោះ​កោះ​តៃវ៉ាន់៕