(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងប្រាប់ឱ្យដឹងនៅសប្ដាហ៍ក្រោយនេះថា តើជំនួបកំពូល ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងត្រូវប្រព្រឹត្តទៅតាមការគ្រោងទុក ឬក៏យ៉ាងណា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែឧសភា ឆ្នាំ២០១៨។
ជំនួបកំពូលរវាងលោក ត្រាំ និងលោក គីម បានធ្លាក់ចូលក្នុងភាពស្រពិចស្រពិលកាលពីសប្ដាហ៍មុន ក្រោយកូរ៉េខាងជើងព្រមានលុប ចោលជំនួបនេះដោយសារតែការធ្វើសមយុទ្ធយោធារវាងទីក្រុងសេអ៊ូល ទីក្រុងវ៉ាស៊ីនតោន និងការអំពាវនាវឯកតោភាគី ឱ្យទីក្រុងព្យុងយ៉ាងបោះបង់ចោលអាវុធនុយក្លេអ៊ែរទាំងបង្ខំ។ ដោយឡែកថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯសេតវិមាន នៅថ្ងៃពុធសប្ដាហ៍នេះ លោក ដូណាល់ ត្រាំ បានលើកឡើងយ៉ាហដូច្នេះថា «នៅសប្ដាហ៍ក្រោយ យើងគ្រប់គ្នានឹងបានដឹងថា ជំនួបកំពូលក្នុងប្រទេសសិង្ហបុរី អាច កើតមានឡើង ឬក៏យ៉ាងណា... ប៉ុន្តែវានឹងក្លាយជារឿងល្អសម្រាប់កូរ៉េខាងជើង បើសិនជាជំនួបនេះកើតឡើងពិតមែន»។
គួររំលឹកថា កាលពីឆ្នាំ២០១៧ បើគិតចាំមិនភ្លេចទេ លោក ដូណាល់ ត្រាំ ធ្លាប់បានព្រមានកម្ទេចកូរ៉េខាងជើងឱ្យក្លាយទៅជាផេះ។ ដូច្នេះហើយទើបក្រុមអ្នកជំនាញខ្លះ ព្រួយបារម្ភថា ក្នុងករណីជំនួបកំពូលអាមេរិក-កូរ៉េខាងជើង ត្រូវបានលុបចោលមែន នោះភាពតាន តឹងអាចនឹងផ្ទុះឡើងខ្លាំងលើសពេលមុនៗទៅទៀត រហូតបង្កជាជម្លោះប្រដាប់អាវុធក៏ថាបាន៕