(គូឡាឡាំពួរ)៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ ដែលកំពុងប្រឈមមុខនឹងការស៊ើបអង្កេត លើសំណុំរឿងពុករលួយ បានត្រឡប់មកកាន់ទីស្នាក់ការគណៈកម្មការស៊ើបអង្កេត ប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) នៅព្រឹកថ្ងៃព្រហស្បតិ៍ ដើម្បីទទួលការសួរចម្លើយជាលើកទី ២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែឧសភា ឆ្នាំ២០១៨។
លោក ណាជីប បានធ្វើដំណើរមកដល់ MACC នៅម៉ោង៩៖៤៥នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) ដោយស្លៀកពាក់អាវធំខាងក្រៅពណ៌ ខ្មៅ និងលើកដៃបន្ដិចទាំងទឹកមុខញញឹមទៅកាន់អ្នកសារព័ត៌មាន មុនដើរចូលក្នុងអគារ MACC។ លោក ណាជីប បានបង្ហាញខ្លួន ចំពោះគណៈកម្មាមួយនេះម្ដងរួចមកហើយ កាលពីថ្ងៃអង្គារកន្លងទៅ ដើម្បីស្រាយបំភ្លឺពាក់ព័ន្ធនឹងសំណុំរឿងនៃទំនាក់ទំនងរវាងលុយ ១០.៥៥លានដុលា្លរនៅក្នុងគណនីផ្ទាល់ខ្លួនរបស់លោក និងក្រុមហ៊ុន SRC International ដែលមានជាប់ទាក់ទិននឹងមូលនិធីរដ្ឋ 1MDB៕