(អាមេរិក)៖ ជាងថតរូបជើងចាស់ម្នាក់របស់ទីភ្នាក់ងារ NASA គឺជាអ្នកដែលធ្វើការឡើងស៊ាំទៅហើយ ជាមួយការបាញ់បង្ហោះគ្រាប់រ៉ុក្កែត ប៉ុន្តែសូម្បីតែរូបលោកក៏មានការភ្ញាក់ផ្អើលផងដែរ នៅពេលកាមេរ៉ាបញ្ជាពីចម្ងាយមួយគ្រឿងរបស់ខ្លួនបានរលាយខូចខាត ដោយសារអណ្តាតភ្លើងនៃការបោះបង្ហោះរ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX នាពេលថ្មីៗនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែឧសភា ឆ្នាំ២០១៨។
កាមេរ៉ាខាងលើគឺជាប្រភេទ Canon DSLR ដែលលោក Bill Ingalls បានដាក់នៅចម្ងាយ ៤០២ម៉ែត្រ ពីកន្លែងបង្ហោះគ្រាប់រ៉ុក្កែតរបស់ SpaceX នៅឯមូលដ្ឋានទ័ពអាកាសអាមេរិក នៅរដ្ឋកាលីហ្វរញ៉ា។ វាគឺជាកាមេរ៉ាមួយក្នុងចំណោមកាមេរ៉ាបញ្ជាទាំង ០៦ ដែលអ្នកថតរូប NASA រូបនេះបានរៀបចំទុកដើម្បីផ្តិតយកសកម្មភាព នៃការបាញ់បង្ហោះផ្កាយរណបភ្លោះ GRACE-FO របស់ NASA តាមរយៈគ្រាប់រ៉ុក្កែត Falcon 9 កាលពីថ្ងៃអង្គារសប្តាហ៍នេះ។
គួរជម្រាបថា វាគឺជាលើកទីមួយហើយ ដែលកាមេរ៉ារបស់លោក Ingalls បានឆេះខ្ទេចបែបនេះ នៅអំឡុងការបាញ់បង្ហោះគ្រាប់រ៉ុក្កែត ហើយលោកបានបំពេញការងារជាអ្នកថតរូបឲ្យ NASA តាំងតែពីឆ្នាំ១៩៨៩មកម្ល៉េះ។ យ៉ាងណាមិញ ទោះបីជាមានការខូចខាតក៏ដោយ កាមេរ៉ានេះនៅតែបានឆ្លៀតឱកាសថតយករូបភាព នៃព្រឹត្តិការណ៍នេះបានដដែល៕