(ព្យុងយ៉ាង)៖ អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង លោកស្រី ចូ សុនហ៊ុយ (Choe Son Hui) បាននិយាយថា ការចរចា ឬការប្រឈមមុខ​ដាក់គ្នា​ដោយអាវុធ​នុយក្លេអ៊ែរ គឺអាស្រ័យទាំង​ស្រុងលើការ​សម្រេចចិត្ត និងអាកប្បកិរិយា​របស់​សហរដ្ឋអាមេរិក។ នេះបើតាម​ការចេញ​ផ្សាយ ដោយទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែឧសភា ឆ្នាំ២០១៨។

លោកស្រី Choe ធ្វើការកត់​សម្គាល់បែបនេះ នៅក្នុងសេចក្ដី​ថ្លែងការណ៍​មួយ​ ចេញផ្សាយដោយ​សារព័ត៌មានរដ្ឋ​កូរ៉េខាងជើង KCNA​ ហើយមិនតែ​ប៉ុណ្ណោះលោកស្រី​បានព្រមានទៀត​ថា នឹងបញ្ជូនសំណើ​មួយទៅ​កាន់លោក គីម ជុងអ៊ុន ដើម្បីឱ្យលោក​ពិចារណជា​ថ្មីពី​ជំនួបជាមួយលោក ដូណាល់ ត្រាំ នៅថ្ងៃទី១២ ខែមិថុនា ខាងមុខនេះ​ក្នុងប្រទេស​សិង្ហបុរី។

លោកស្រី Choe បានលើក​ឡើង​យ៉ាងដូច្នេះថា «មិនថា​សហរដ្ឋអាមេរិក​ចង់ជួបយើង​នៅក្នុងបន្ទប់ ឬក៏ចងប្រឈមមុខ​ជាមួយើងដោយ​អាវុធនុយក្លេអ៊ែរមួយ​ទល់នឹងមួយ ពោលគឺវា អាស្រ័យទាំង​ស្រុងលើការ​សម្រេចចិត្ត និងអាកប្បកិរិយា​របស់ទីក្រុង​វ៉ាស៊ីនតោន»

គួរបញ្ជាក់ថា នៅក្នុង​សេចក្ដីថ្លែងការណ៍​ដដែល លោកស្រី​រដ្ឋមន្ត្រីការបរទេស​ ក៏បានសម្ដែង​ការភ្ញាក់ផ្អើល និងខឹងសម្បារ​ផងដែរ ចំពោះការលើក​ឡើងរបស់​អនុប្រធានាធិបតី​អាមេរិក លោក ម៉ៃក៍ ភែន (Mike Pence​) ដែលថា​ កូរ៉េខាងជើង​អាចនឹងបញ្ចប់វាសនា​ដូចប្រទេស​លីប៊ី បើសិនជា​មិនព្រមចរចារឿង​នុយក្លេអ៊ែរ​ជាមួយសហរដ្ឋអាមេរិក។

«កាលពី​សប្ដាហ៍មុន មានការជជែក​គ្នាមួយចំនួនពី​គំរូប្រទេស​លីប៊ី ហើយអ្នកដឹង​ហើយថា លោកប្រធានាធិបតី​មានភាពប្រាកដប្រជាថា នេះនឹង​ក្លាយជាគំរូបញ្ចប់តែ​មួយគត់​ដូចលីប៊ី បើសិនជា​លោក គីម ជុងអ៊ុន មិនព្រមធ្វើកិច្ច​ព្រមព្រៀង​ទេនោះ»។ នេះជាការលើក​ឡើងរបស់​លោក Mike Pence នៅក្នុងបទ​សម្ភាសន៍ជា​មួយ Fox News កាលពី​ថ្ងៃចន្ទដើមសប្តាហ៍នេះ៕