(ដាម៉ាស់)៖ កងយន្តហោះចម្បាំងរបស់ក្រុមចំរុះអន្តរជាតិ ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានវាយប្រហារទៅលើទីតាំងយោធាស៊ីរីពីរកន្លែង នៅឯតំបន់វាលខ្សាច់ភាគខាងកើតប្រទេសស៊ីរី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែឧសភា ឆ្នាំ២០១៨។
ការវាយប្រហារខាងលើនេះ បានកើតមានឡើង ស្របពេលដែលក្រុមសកម្មជនស៊ីរី បានរាយការណ៍អំពីការផ្លោងគ្រាប់ដាក់គ្នា រវាងកងទ័ពរដ្ឋាភិបាលទីក្រុងដាម៉ាស់ និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី SDF នៅក្នុងខេត្ត Deir al-Zour ខណៈពុំទាន់មានព័ត៌មានបញ្ជាក់ពីមនុស្សរងគ្រោះ ឬការខូចខាត ដោយសារប្រតិបត្តិការវាយលុក តាមផ្លូវអាកាសនេះនៅឡើយទេ។
គួរជម្រាបថា យោងតាមសេចក្តីរាយការណ៍ផ្សេងទៀតនាពេលថ្មីៗនេះ កងយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារទៅលើទីតាំងយោធារបស់ស៊ីរីមួយចំនួន ដែលមានវត្តមានក្រុមជំនាញផ្នែកយោធារបស់អ៊ីរ៉ង់។ សកម្មភាពទាំងនេះ គឺជាផ្នែកមួយនៃភាពតានតឹងរវាងរដ្ឋាភិបាលស៊ីរី ព្រមទាំងសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅភាគីម្ខាង ជាមួយនិងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅភាគីម្ខាងទៀត៕