(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ បានសម្រេចចិត្តបណ្ដេញមន្ត្រីទូតជាន់ខ្ពស់វេណេស៊ុយអេឡាពីររូប ចេញពីសហរដ្ឋអាមេរិក ជាការឆ្លើយតបទៅនឹងទីក្រុងការ៉ាកាស់ ដែលបានបណ្ដេញមន្ត្រីទូតអាមេរិកពីរនាក់ចេញពីប្រទេសដូចគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែឧសភា ឆ្នាំ២០១៨។
ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន កើតមានឡើងក្រោយប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានចេញបញ្ជាបណ្ដេញមន្ត្រីទូតជាន់ខ្ពស់អាមេរិកពីររូបប្រចាំទីក្រុងការ៉ាកាស់ គឺលោក ថូដ រ៉ូប៊ីនសុន (Todd Robinson) និងលោក ប្រ៊ីយ៉ាន ណារ៉ាចូ (Brian Naranjo) ចេញពីវេណេស៊ុយអេឡាក្នុងរយៈពេល ៤៨ម៉ោង។
លោក នីកូឡាស់ ម៉ាឌូរ៉ូ មិនបានបង្ហាញភស្ដុតាងអ្វីនោះទេ ក្រៅតែពីចោទប្រកាន់ថា លោក Robinson បានចូលរួមក្នុងចលនាសំងាត់យោធាមួយ ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក ហើយថាស្ថានទូតអាមេរិកបានជ្រៀតជ្រែកក្នុងបញ្ហាយោធា នយោបាយ និងសេដ្ឋកិច្ចរបស់វេណេស៊ុយអេឡា។
គួរបញ្ជាក់ថា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានជាប់ឆ្នោតជាប្រធានាធិបតីសាជាថ្មី នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ប៉ុន្តែសហរដ្ឋអាមេរិកចាត់ទុកថា ការបោះឆ្នោតនេះគឺជាទង្វើខុសច្បាប់ ហើយសន្យាថា នឹងចាត់វិធានការឆ្លើយបតបក្នុងពេលឆាប់ៗនេះ៕