(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានព្រមានស្តាត់ទុកមុនយ៉ាងដាច់ខាតថា អាមេរិកនឹងមិនអត់ធ្មត់ ឬលើកលែងឲ្យរុស្ស៊ីននោះឡើយ បើសិនជាប្រទេសនេះហ៊ានលូកលាន់កិច្ចការបោះឆ្នោតអាមេរិក នៅក្នុងឆ្នាំ២០១៨ (ការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ)។ នេះបើតាមការចេញផ្សាយដោយ វ៉ាស៊ីនតោនប៉ុស្តិ៍ នាយប់ថ្ងៃពុធ ទី២៣ ខែឧសភា ឆ្នាំ២០១៨។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងរៀបចំការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិនៅចុងឆ្នាំ២០១៨នេះហើយ ដោយការថ្លែងព្រមានទុកមុនរបស់រដ្ឋមន្ត្រីការបរទេស ដែលជាអតីតនាយក CIA រូបនេះ ហាក់ដូចជាការរំលឹកដល់រឿងរ៉ាវចម្រូងចម្រាស ដែលអតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា បានចោទរុស្ស៊ីថា បានចូលលូកលាន់កិច្ចការបោះឆ្នោត និងជួយឲ្យលោក ដូណាល់ ត្រាំ បានឈ្នះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំ២០១៦ ទើបកាលណោះលោក អូបាម៉ា បានបណ្តេញមន្ត្រីទូតរុស្ស៊ីរាប់សិបនាក់ចេញពីប្រទេស៕