(គូឡាឡាំពួ)៖ ការរុករក​យន្តហោះ MH370 ជាលក្ខណៈ​ឯកជន ដែលប្រទេស​ម៉ាឡេស៊ី​បានជួលក្រុមហ៊ុន​មកពីអាមេរិក​មួយឲ្យធ្វើការងារនោះ នឹងត្រូវបញ្ចប់​នៅថ្ងៃទី២៩ ខែឧសភា ខាងមុខនេះ​ហើយ ខណៈដែលក្រុម​គ្រួសារជនរងគ្រោះ ដែលបាន​បាត់តំណឹងលើ MH370 ទាំងអស់ធ្វើការ​ពិនិត្យឡើងវិញ ទៅលើបញ្ហា​នានាពាក់ព័ន្ធនឹងការបាត់​ដំណឹងតាំងតែពី​ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ មកនោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ Telegraph នៅយប់ថ្ងៃពុធ ទី២៣ ខែឧសភា ឆ្នាំ២០១៨។

រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី លោក Anthony Loke បាន​និយាយថា ការស្វែង​រករយៈពេល ៩០ថ្ងៃ ត្រូវបានបញ្ចប់​តាំងតែពីខែមេសា មកម្ល៉េះ ប៉ុន្តែយើង​បានពន្យារពេល​វារហូតដល់​ថ្ងៃទី២៩ ខែឧសភា ខាងមុខនេះ​ទើបធ្វើការបិទបញ្ចប់​ជាផ្លូវការ។ ការបាត់ខ្លួន​របស់ MH370 និងមនុស្សជិះ​​នៅលើនោះ​ទាំងអស់ ២៣៩នាក់ នឹងនៅតែជា​អាថ៌កំបាំងទៅមុខទៀត​ប្រសិនបើ​​ពុំមានប្រតិបត្តិការ​រុករក​ផ្សេងណាមួយ ត្រូវបានបង្កើត​ឡើង​ទេនោះ។

គួរបញ្ជាក់ថា រដ្ឋាភិបាលម៉ាឡេស៊ី​បានចុះកិច្ច​ព្រមព្រៀងមួយ​ជាមួយក្រុមហ៊ុន​នាវាចរ និងរុករក​ដែនសមុទ្ររបស់​អាមេរិក ដែលមានមូលដ្ឋាន​នៅរដ្ឋ​តិចសាស់ កាលពីខែមករា ឆ្នាំ២០១៨ តាមរយៈពាក្យស្លោកមួយថា «រកមិនឃើញ មិនទទួលកម្រៃ» ហើយវាមានរយៈពេល​មួយឆ្នាំ បន្ទាប់ពីការ​រុករកដោយ​ក្រុមជំនាញអូស្ត្រាលី និងចិន​នៅក្នុងមហាសមុទ្រឥណ្ឌា ត្រូវបាន​បញ្ចប់ជាផ្លូវការ ដោយមាន​តំរុយតិចតួចបំផុត ស្ទើរយកជា​ការមិនបាន៕