(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ នាវាមុជទឹកនុយក្លេអ៊ែរ យូរី ដូលហ្គោរូគុ (Yuri Dolgoruku) របស់ប្រទេសរុស្ស៊ី បានធ្វើការបាញ់តេស្តមីស៊ីលផ្លោង ដោយជោគជ័យនាថ្ងៃពុធនេះ៕
២៖ ប្រជាជនហ្វីលីពីនរស់នៅក្នុងទីក្រុង ម៉ារ៉ាវី (Marawi) នៅថ្ងៃពុធ ទី២៣ ខែឧសភានេះ បាននាំប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត នៅក្នុងអំឡុងពេលនៃការឡោមព័ទ្ធរបស់ក្រុមឧទ្ទាម មានសម្ព័ន្ធភាពជាមួយក្រុម ISIS កាលពីជាងមួយឆ្នាំមុន ខណៈទីក្រុងមួយនេះកំពុងស្ថិតនៅក្រោមការជួសជុលឡើងវិញ៕
៣៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានចេញបញ្ជាបណ្ដេញមន្ត្រីទូតជាន់ខ្ពស់អាមេរិកពីររូប ប្រចាំទីក្រុងការ៉ាកាស់ ជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មី របស់សហរដ្ឋអាមេរិក៕
៤៖ ស្ថាបនិកក្រុមហ៊ុន Facebook លោក ម៉ាក ហ្សាក់ខឺប៊ឺក (Mark Zuckerberg) បានបង្ហាញការសូមអភ័យទោសទៅកាន់សភាអឺរ៉ុប នៅថ្ងៃអង្គារសប្ដាហ៍នេះសម្រាប់ផលប៉ះពាល់ ដែលបង្កឡើងដោយការបែកធ្លាយ ទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ និងបរាជ័យក្នុង ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ៕
៥៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ជំនួបកំពូលរវាងលោក និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចនឹងមិនកើតឡើងឡើយ បើសិនជាលក្ខខណ្ឌរបស់សហរដ្ឋអាមេរិក មិនត្រូវបានអនុវត្តន៍៕
៦៖ ដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មទៅលើជនជាតិអ៊ីរ៉ង់ចំនួន ០៥រូប ក្រោមការចោទប្រកាន់ថា បុគ្គលទាំងនោះបានផ្តល់ការផ្គត់ផ្គង់ជំនាញបច្ចេកទេស ទាក់ទិននឹងគ្រាប់មីស៊ីលផ្លោង ទៅឲ្យក្រុមឧទ្ទាមហួធី (Houthis) នៅប្រទេសយ៉េមែន៕