(ប៉េកាំង)៖ រថភ្លើងល្បឿនលឿនជំនាន់ទី ៥ (Maglev Train) របស់ប្រទេសចិនដែលអាចរត់ដល់ល្បឿន ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានបញ្ចប់ការធ្វើតេស្តរួចហើយ ប្រកបដោយជោគជ័យ។ នេះបើតាមសេចក្តីបញ្ជាក់របស់សាខាក្រុមហ៊ុន CRRC's Tangshan ដកស្រង់ដោយស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី២៣ ខែឧសភា ឆ្នាំ២០១៨។
រថភ្លើងខាងលើនេះ ត្រូវបានចាត់ចូលក្នុងចង្កោមរថភ្លើងប្រភេទល្បឿនយឺតទៅមធ្យម ប៉ុន្តែកម្លាំងរបស់វា ត្រូវបានក្រុមវិស្វករបង្កើនឲ្យរត់បានលឿនជាងរថភ្លើងប្រភេទដូចគ្នារហូតដល់ទៅ ១០ភាគរយ ព្រមទាំងប្រើប្រាស់ថាមពលតិចជាង ២០ភាគរយផងដែរ។ ដូច្នេះរថភ្លើងនេះ ពិតជាមានសមត្ថភាពប្រសើរជាងរថភ្លើងធម្មតា ដោយអាចដឹកមនុស្សបានច្រើនបំផុត ៣១៨នាក់ នៅក្នុងទូរចំនួន ០៦ របស់វា។
គួរបញ្ជាក់ថា ការសម្រេចជោគជ័យនេះ គឺជាជំហានសំខាន់មួយ ដែលអាចឲ្យរថភ្លើងប្រភេទ Maglev នេះអាចត្រូវអភិវឌ្ឍន៍រហូតល្បឿន ២០០គីឡូម៉ែត្រក្នុងមួយម៉ោង នៅថ្ងៃអនាគត៕