(សេអ៊ូល)៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ម្យុងបាក់ (Lee Myung-bak) នាថ្ងៃពុធនេះបានចូលខ្លួននៅក្នុងសវនាការលើកទីមួយ ជុំវិញបទចោទប្រកាន់ពីការប្រព្រឹត្តអំពើពុករលួយ រួមមានទាំងការទទួលសំណូលសូកប៉ាន់ និងការបន្លំកឹបកេងថវិកាផងដែរ ហើយនេះជារឿងក្តីពុករលួយធំបំផុត ដែលកំពុងញាំញីអតីតប្រធានាធិបតី និងជាអតីតសម្ព័ន្ធមិត្តរបស់ទណ្ឌិត ផាក គឺនហេ ព្រមទាំងអាចមានការជាប់ពាក់ព័ន្ធស៊ីជម្រៅលើសពីការស្មានផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី២៣ ខែឧសភា ឆ្នាំ២០១៨។
លោក Lee ដែលធ្លាប់បានកាន់មុខតំណែងរយៈពេល ០៥ឆ្នាំ ក្នុងនាមជាមេដឹកនាំរបស់ប្រទេសកូរ៉េខាងត្បូង ពីដើមឆ្នាំ២០០៨ ដល់ដើមឆ្នាំ២០១៣ ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនរហូតមកទល់ពេលនេះ កាលពីថ្ងៃទី២២ ខែមីនាកន្លងទៅ ជុំវិញការចោទប្រកាន់ជាច្រើន ពាក់ព័ន្ធនឹងអំពើពុករលួយ។
លោក Lee Myung-bak ត្រូវបានគេចោទប្រកាន់ថា បានទទួលសំណូកចំនួន ១០លានដុល្លារ និងបានកឹបកេងបន្លំលុយរាប់សិបលានដុល្លារតាមរយៈក្រុមហ៊ុនផលិតគ្រឿងបន្លាស់យានយន្តក្នុងស្រុកមានឈ្មោះថា DAS ដែលក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូងជឿជាក់ថា តាមពិតជាកម្មសិទ្ធរបស់លោក Lee តែប្រើប្រាស់ឈ្មោះកម្ចីរបស់បងប្រុសខ្លួន។
គួរជម្រាបថា អ្នកបន្តវេនពីការដឹកនាំរបស់លោក Lee គឺលោកស្រី ផាក គឺនហេ ដែលជាអតីតប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេ ដែលត្រូវសភាបោះឆ្នោតទម្លាក់ពីអំណាចនោះ ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគាររយៈពេល ២៤ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១៧លានដុល្លារ៕