(ហ្សេរុយសាឡឹម)៖ មេបញ្ជាការទ័ពអាកាសអ៊ីស្រាអែល លោក អាមីកាំ ណ័រគីន (Amikam Norkin) បានប្រកាសជាឱឡារិកថា អ៊ីស្រាអែលគឺជាប្រទេស ដំបូងគេបំផុតលើលោក ដែលបានប្រើប្រាស់យន្ដហោះចម្បាំងបំបាំងកាយ F-35 ផលិតដោយសហរដ្ឋអាមេរិក នៅក្នុងសមរភូមិប្រយុទ្ធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២៣ ខែឧសភា ឆ្នាំ២០១៨។
លោក Norkin ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសុន្ទរកថាមួយទៅកាន់ប្រមុខកងទ័ពអាកាសបរទេសចំនួន ២០រូប ដែលបានចូលរួមក្នុងព្រឹត្តិការណ៍មួយក្នុងប្រទេសអ៊ីស្រាអែល នៅថ្ងៃអង្គារសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ ឧត្តមសេនីយ៍រូបខាងលើបានគូសបញ្ជាក់ យ៉ាងដូច្នេះថា «យើងបានបញ្ជាការហោះហើរយន្ដហោះ F-35 ពីលើតំបន់មជ្ឈិមបូព៌ា និងធ្លាប់បានបើកការវាយប្រហារចំនួនពីរ ក្នុងសមរភូមិពីរដាច់ដោយឡែកពីគ្នាផងដែរ»។
គួរបញ្ជាក់ថា F-35 ផលិតដោយក្រុមហ៊ុនអាមេរិក Lockheed Martin ហើយអ៊ីស្រាអែលគឺជាប្រទេសដំបូងគេក្រៅពីសហរដ្ឋអាមេរិក ដែលបានបញ្ជាទិញយន្ដហោះចម្បាំង F-35។ ជាក់ស្ដែងកាលពីខែធ្នូ ឆ្នាំ២០១៦ អ៊ីស្រាអែលទទួលបានយន្ដហោះចម្បាំងប្រភេទ នេះពីរគ្រឿងក្នុងចំណោមយន្ដហោះដែលខ្លួនបញ្ជាទិញ ៥០គ្រឿង៕