(អាមេរិក)៖ អាចថាមេរៀននេះសម្រាប់តែកុមារប៉ុណ្ណោះ ប៉ុន្តែបើសិនជាមនុស្សគ្រប់គ្នាបានយល់ដឹងយ៉ាងទូលំទូលាយ និងអាចចែករំលែកការការពារបន្តិចម្នាក់ៗ នោះផែនដីរបស់យើង ក៏មិនអាចឆាប់ប្រឈមមុខនឹងការពារប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរ ដូចជាពេលបច្ចុប្បន្នេះដែរ ហើយប្រការនេះ គឺត្រូវបន្ទោសទាំងស្រុងទៅលើទង្វើមនុស្ស ដែលគិតតែពីរឿងកេងយកប្រយោជន៍ពីភពនេះ ទាំងមិនខ្វល់ពីមហន្តរាយនៅពេលក្រោយ។
ដូច្នេះមេរៀនសម្រាប់ក្មេងៗ ដែលត្រូវបានដកស្រង់ពី National Geographic Kids ខាងក្រោមនេះ ក៏អាចថាជាមេរៀនសម្រាប់មនុស្សធំធ្វើការស្វែងយល់ផងដែរ ហើយយើងត្រូវបណ្តុះគំនិតមនុស្សជំនាន់ក្រោយឲ្យចេះស្រឡាញ់ផ្ទះ និងថែរក្សាកន្លែងដែលបង្កើតពូជពង្សរបស់យើងឡើងមក ដើម្បីឲ្យអនាគតមនុស្សជំនាន់ក្រោយ នៅមានកន្លែងល្អប្រសើរក្នុងការរស់នៅតជំនាន់ទៀត។ ស្វែងយល់រឿងរ៉ាវសំខាន់ទាំង ០៥ ដែលនាំឲ្យអ្នកស្រឡាញ់ភពផែនដីមួយនេះកាន់តែខ្លាំង៖
១៖ ផែនដីគឺជាទីកន្លែងដ៏ធំមួយប្រជុំទៅដោយទម្រង់ នៃជីវិតយ៉ាងសម្បូរបែប
បើតាមយើងដឹងមកទល់ពេលនេះ ផែនដីគឺជាភពតែមួយគត់នៅក្នុងកាឡាក់ស៊ី ដែលអាចទ្រទ្រង់ជីវិតបាន។ អ្នកវិទ្យាសាស្រ្តបានធ្វើការប៉ាន់ប្រមាណថា ផែនដី គឺជាជម្រករបស់ពូជរុក្ខជាតិប្រមាណ ៣០០,០០០ប្រភេទ, ជាង ៦០០,០០០ប្រភេទនៃជំពូកផ្សិត, និងប្រហែលជាង ១៩លាននៃប្រភេទសត្វ។
២៖ ផែនដីមានកម្លាំងពិសេសមួយ នោះគឺខែលការពារភពដែលពុំអាចមើលឃើញ (ដែនម៉ាញេទិច)។ ផែនដីត្រូវបានគ្របដណ្តប់ដោយបណ្តុំឧស្ម័ន ដែលគេហៅថា ស្រទាប់ប្លាស្មា (Plasmasphere)។ ស្រទាប់នេះអាចធ្វើប្រតិកម្មជាមួយខ្សែភាគល្អិតនានា ដែលនៅជុំវិញភពរបស់យើង ដើម្បីបង្កើតចេញជាខែលបំបាំងកាយមួយ ដែលការពារភពយើងពីអេឡិចត្រុង ដែលធ្វើដំណើរយ៉ាងលឿននៅក្នុងទីអវកាស និងអាចបង្កគ្រោះថ្នាក់ដល់ផែនដី ប្រសិនបើវាត្រូវបានអនុញ្ញាតឲ្យជ្រៀតចូលមកក្នុងបរិយាកាសបាន។
៣៖ ភពនេះគាំទ្រការប្រើប្រាស់ឡើងវិញ តួយ៉ាងដីដែលយើងដើរជាន់ពីលើជារៀងរាល់ថ្ងៃនេះ គឺសុទ្ធតែបានឆ្លងកាត់ដំណើរការ នៃការប្រើប្រាស់ឡើងវិញ ឬវដ្តន៍។ ដំបូងឡើយវាចាប់ផ្តើមពីម៉ាក់ម៉ា (Magma) ដែលទន់ប៉ុន្តែក្តៅនៅក្នុងស្នូលផែនដីរបស់យើង ហើយម៉ាកម៉ានេះ ត្រូវបានរុញច្រានឡើងមកផ្ទៃស្រទាប់ខាងលើរបស់ផែនដី ជាទីដែលវាត្រូវថយចុះកម្តៅហើយចាប់ផ្តើមក្លាយទៅជារឹង។ បន្ទាប់មកទៀតកម្លាំងខ្យល់ធ្វើឲ្យដីក៏ដូចជាថ្មរឹងនេះ បានសឹករិចរិល ដែលនាំឲ្យកម្ទេចកម្ទីរបស់វាកប់ចូលទៅក្នុងផែនដីវិញ ជាទីដែលពួកវាទទួលរងកម្តៅ ហើយវិវត្តន៍ទៅជាម៉ាក់ម៉ាវិញ។
៤៖ ផែនដីស្ថិតនៅចំទីតាំងដ៏ល្អឥតខ្ចោះ ផែនដីយើងវិលជុំវិញខ្សែអ័ក្សមួយ ដែលទ្រេត ឬក៏អាចនិយាយបានថា ជាបន្ទាត់មួយដែលរត់ពីប៉ូលខាងត្បូង ឡើងទៅកាន់ប៉ូលខាងជើង។ ប្រសិនបើភពរបស់យើង វិលក្នុងមុំខុសពីនេះតែបន្តិច ឬក៏ផែនដីបែរជាស្ថិតនៅកៀក ឬក៏ឆ្ងាយពីព្រះអាទិត្យជាងមុនតែបន្តិចវិញនោះ សីតុណ្ហភាពនឹងមានការប្រែប្រួលខ្លាំងជាក់ជាពុំខាន ហើយវាប្រហែលជានឹងបណ្តាលឲ្យជីវិតនៅលើទីនេះ ពុំអាចកើតមាន ឬបន្តទៅមុខទៀតនោះទេ។
៥៖ ភពរបស់យើងគឺជាអាថ៌កំបាំងដ៏ធំមហាសាលមួយ តើអ្នកទាំងអស់គ្នាដឹងទេថា ប្រមាណជា ៩៥ភាគរយ នៃមហាសមុទ្ររបស់យើង (ជាង ៧០ភាគរយ នៃផ្ទៃរបស់ផែនដី) នៅតែពុំទាន់ត្រូវបានគេរុករក និងស្រាវជ្រាវនោះឡើយ។ អ្នកវិទ្យាសាស្រ្តបានសន្និដ្ឋានថា ពូជសត្វ ឬរុក្ខជាតិប្រហែលជាមួយលានទៀត ដែលមិនទាន់ត្រូវបានរកឃើញ ប្រហែលជាកំពុងរស់នៅក្នុងតំបន់ផ្ទៃសមុទ្រទាំងនោះ ដែលគ្មានការរុករកពីមនុស្ស។ ដោយឡែកនៅតាមតំបន់ដីមួយចំនួន ដូចជានៅផ្នែកខ្លះនៃព្រៃទាក់ទាញទឹកភ្លៀង នៅកោះញូហ្គីណេ ក៏ពុំទាន់មាននរណាម្នាក់បានទៅដល់ដែរ។ ដូច្នេះវាមានន័យថា រឿងរ៉ាវជាច្រើនទៀតនៅលើផែនដីយើង គឺពុំទាន់ត្រូវបានរកឃើញឲ្យអស់ឡើយ៕