(ម៉ានីល)៖ ប្រជាជនហ្វីលីពីនរស់នៅក្នុងទីក្រុង ម៉ារ៉ាវី (Marawi) នៅថ្ងៃពុធ ទី២៣ ខែឧសភានេះ បាននាំប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត នៅក្នុងអំឡុងពេលនៃការឡោមព័ទ្ធរបស់ក្រុមឧទ្ទាម មានសម្ព័ន្ធភាពជាមួយក្រុម ISIS កាលពីជាងមួយឆ្នាំមុន ខណៈទីក្រុងមួយនេះកំពុងស្ថិតនៅក្រោមការជួសជុលឡើងវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៣ ខែឧសភា ឆ្នាំ២០១៨។
ជម្លោះនៅក្នុងទីក្រុង Marawi បានផ្ទុះឡើងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ក្រោយពីក្រុមឧទ្ទាមមានសម្ព័ន្ធភាពនឹងពួក ISIS នៅភាគខាងត្បូងប្រទេសហ្វីលីពីន ឡោមព័ទ្ធទីក្រុងមួយនេះ។ ដោយឡែក បើតាមការបញ្ជាក់ពីរដ្ឋាភិបាលហ្វីលីពីន ជម្លោះនេះបានផ្ដាច់យកជីវិតជនស៊ីវិល ៤៧នាក់, កងទ័ពរដ្ឋាភិបាល ១៦៥នាក់ និងក្រុមសកម្មប្រយុទ្ធ ៩៨៧នាក់ ហើយមិនតែប៉ុណ្ណោះ វាក៏បានបង្ខំឱ្យមនុស្ស ច្រើនជាង ២០០,០០០នាក់ រត់គេចចេញពីផ្ទះសម្បែងរបស់ពួកគេផងដែរ។
គួរបញ្ជាក់ថា ក្រៅតែពីបាត់បង់ជីវិតមនុស្ស ជម្លោះក្នុងទីក្រុង Marawi បានបង្កការខាតបង់ទ្រព្យសម្បត្តិគិតជាទឹកប្រាក់ស្មើនឹង ១១ពាន់លានប៉េសូ (២១០លានដុល្លារ) និងខាតបង់សេដ្ឋកិច្ចអស់ជាង ៦.៦ពាន់លានប៉េសូ។ ចំណែកឯ រដ្ឋាភិបាលទីក្រុងម៉ានីល បានទម្លាក់កញ្ចប់ថវិកាប្រមាណ ១.៤ពាន់លានដុល្លារ ដើម្បីស្ដារទីក្រុងនេះឡើងវិញ ខណៈប្រជាជនបានត្រឡប់មករស់នៅទីនេះវិញទាំងសប្បាយចិត្ត និងខ្លះទៀតបង្ហូរទឹកភ្នែក ព្រោះបាត់បង់សាច់ញាតិដែលខ្លួនស្រឡាញ់៕