(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាល​ទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្ម​ទៅលើជនជាតិ​អ៊ីរ៉ង់ចំនួន ០៥រូប ក្រោមការ​ចោទ​ប្រកាន់ថា បុគ្គលទាំងនោះ​​បានផ្តល់​ការ​ផ្គត់ផ្គង់​ជំនាញបច្ចេកទេស​ ទាក់ទិននឹង​គ្រាប់​មីស៊ីលផ្លោង ទៅឲ្យ​ក្រុម​ឧទ្ទាមហួធី (Houthis) នៅប្រទេស​យ៉េមែន។ នេះបើ​តាមការ​​ដក​ស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៣ ខែឧសភា ឆ្នាំ២០១៨។

បើតាមសេចក្តី​ថ្លែងការណ៍របស់​ក្រសួងរតនាគារជាតិ​អាមេរិក ជនទាំងប៉ុន្មាន​នាក់ខាងលើ ក៏ទទួលរង​ការចោទ​ប្រកាន់ថា ជាអ្នក​លួចផ្ទេរ​​សព្វាវុធ​ដែលគេពុំធ្លាប់​ឃើញមាន​នៅយ៉េមែន កាលពីអំឡុងពេលមុន​ផ្ទុះបញ្ហាជម្លោះ​ប្រដាប់អាវុធផងដែរ ដោយ​ជួសមុខ​ឲ្យកងឆ្មាំ​ការពារ​បដិវត្តន៍​អ៊ីស្លាម IRGC របស់អ៊ីរ៉ង់។

នាពេលកន្លង​មកនេះ ក្រុមឧទ្ទាម Houthis បានធ្វើការផ្លោង​មីស៊ីលជាបន្តបន្ទាប់​ទៅលើរាជធានី​រីយ៉ាដ ​របស់ព្រះរាជាណាចក្រ​អារ៉ាប៊ីសាអូឌីត​ ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏ធំមួយរបស់​សហរដ្ឋអាមេរិក ​នៅមជ្ឈិមបូព៌ា ហើយក៏ធ្លាប់មាន​ការវាយប្រហារ​មីស៊ីល​ ទៅលើនាវា​ចម្បាំងរបស់​អាមេរិក​​ផ្ទាល់​ផងដែរ។

គួរជម្រាបថា ចាប់តាំងតែ​ពីប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាសពី​​ការសម្រេចចិត្ត​របស់លោក ក្នុងការដើរចេញ​ពី​កិច្ចព្រមព្រៀង​ប្រវត្តិសាស្រ្ត​នុយក្លេអ៊ែរ​អ៊ីរ៉ង់មក រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​បានបញ្ចេញ​កញ្ចប់ទណ្ឌកម្ម​ជាបន្តបន្ទាប់​ ប្រឆាំង​នឹងអ៊ីរ៉ង់ ​ដោយក្នុងនោះ​ក៏មានទាំង​ទេសាភិបាល​ធនាគារកណ្តាល​ របស់អ៊ីរ៉ង់​ផង​ដែរ៕