(ព្រុចសែល)៖ ស្ថាបនិក​ក្រុមហ៊ុន Facebook លោក ម៉ាក ហ្សាក់ខឺប៊ឺក (Mark Zuckerberg) បានបង្ហាញការសូមអភ័យទោសទៅកាន់​សភាអឺរ៉ុប នៅថ្ងៃអង្គារ​សប្ដាហ៍នេះសម្រាប់​ផលប៉ះពាល់​ ដែលបង្កឡើង​ដោយការបែកធ្លាយ​ ទិន្នន័យឯកជន​របស់អ្នកប្រើប្រាស់ និង​បរាជ័យក្នុង ការទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ។ បើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​បារំាង AFP ដកស្រង់​ដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៣ ខែឧសភា ឆ្នាំ២០១៨។

ប៉ុន្តែការបង្ហាញ​ការសោកស្ដាយ​របស់ លោក Zuckerberg មិនបានធ្វើ​ឱ្យសមាជិក​សភាអឺរ៉ុបពេញ​ចិត្ត​នោះទេ ខណៈពួកគេ​បានចោទ ប្រកាន់រូប​លោកថា បានគេចវេសការឆ្លើយតប​នឹង​សំណួរ។ ថ្លែងនៅ​ក្នុងសេចក្ដី​ថ្លែងការណ៍​ជាចំហរ ស្ថាបនិក Facebook​ រូបនេះបាន លើកឡើង​យ៉ាងដូច្នេះថា «ក្នុងរយៈពេល ០២ឆ្នាំមកនេះ វាបានបង្ហាញ​យ៉ាងច្បាស់​ថា យើងមិនបាន​ធ្វើអ្វីគ្រប់គ្រាន់​ឡើយ​ក្នុងការទប់​ស្កាត់កុំ ឱ្យមានផល​ប៉ះពាល់ដល់​អ្នកប្រើប្រាស់ ដោយសារ​តែព័ត៌មាន​ក្លែងក្លាយ ការលូកដៃ​របស់បរទេស​នៅក្នុងការ​បោះឆ្នោត ឬក៏ការ​បំប៉ោង​ព័ត៌មានឱ្យ​ប្រជាជន​មានការ​យល់ច្រឡំ»។

លោក ម៉ាក បានបញ្ជាក់បន្ថែមទៀតថា «​យើងមិនបាន​យកចិត្តទុកដាក់​គ្រប់គ្រាន់ ​លើទំនួលខុស​ត្រូវរបស់​យើង ហើយនេះ​គឺជាកំហុសមួយដែល​ខ្ញុំពិតជា​សូមទោស»

គួរបញ្ជាក់ថា ក្រោយពីការបណ្ដោយ​ឱ្យ​ព័ត៌មាន​ឯកជនរបស់​អ្នកលេង Facebook ជាង ៨៧លាននាក់​ បែកធ្លាយដល់ដៃក្រុមហ៊ុនប្រឹក្សា​នយោបាយ Cambridge Analytica លោក Zuckerberg នៅតែអះអាង​ដដែលថា នៅដំណាច់​ឆ្នាំ២០១៨នេះ Facebook នឹងជួល​បុគ្គលិក ១០,០០០​នាក់ នៅទូទាំង​ទីក្រុង​ចំនួន ១២ របស់អឺរ៉ុប៕