(ម៉ូស្គូ)៖ នាវាមុជទឹកនុយក្លេអ៊ែរ យូរី ដូលហ្គោរូគុ (Yuri Dolgoruku) របស់ប្រទេសរុស្ស៊ី បានធ្វើការបាញ់តេស្តមីស៊ីលផ្លោង ដោយជោគជ័យនាថ្ងៃពុធនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៣ ខែឧសភា ឆ្នាំ២០១៨។
បើតាមការឲ្យដឹងពីយោធារុស្ស៊ី មីស៊ីលផ្លោងប្រភេទ ប៊ូឡាវ៉ា (Bulava) ចំនួន ០៤គ្រាប់ ត្រូវបានបាញ់ចេញពីនាវាមុជទឹក Yuri Dolgoruku នៅឯតំបន់ភាគពាយ័ព្យ ឆ្ពោះចំគោលដៅនៅឧបទ្វីប កាំចាត់ការ (Kamchatka) នៅឯតំបន់ចុងបូព៌ា ហើយការទទួលជោគជ័យនាថ្ងៃនេះ បានបញ្ជាក់ពីសមត្ថភាពនៃនាវាមុជទឹកប្រភេទ Project-955 Borei និងប្រព័ន្ធមីស៊ីល Bulava ថា បានត្រៀមលក្ខណៈរួចស្រេចក្នុងការប្រយុទ្ធ។
គួរជម្រាបថា នាវាមុជទឹក Yuri Dolgoruky មានទម្ងន់ ២៤,០០០តោន បណ្តោយប្រវែង ១៦០ម៉ែត្រ និងទទឹង ១៣ម៉ែត្រ ដែលមានបំពាក់នូវមីស៊ីលផ្លោង Bulava ដែលជាប្រភេទបាញ់ចេញពីក្នុងផ្ទៃសមុទ្រ និងឆ្លងទ្វីប ព្រមទាំងមីស៊ីលបាញ់ចេញពីផ្ទៃទឹក។ ក្រៅពីវាក៏ប្រដាប់ដោយមីស៊ីលប្រដេញចម្ងាយឆ្ងាយផងដែរ៕