(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានចេញបញ្ជាបណ្ដេញមន្ត្រីទូតជាន់ខ្ពស់អាមេរិកពីររូប ប្រចាំទីក្រុងការ៉ាកាស់ ជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មី របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃពុធ ទី២៣ ខែឧសភា ឆ្នាំ២០១៨។
ការសម្រេចចិត្តដាក់ទណ្ឌកម្មជាថ្មីរបស់ទីក្រុងវ៉ាស៊ីនតោន ធ្វើឡើងបន្ទាប់ពីលោក ម៉ាឌូរ៉ូ ប្រកាសជ័យជម្នះរបស់លោក នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃអាទិត្យ ដែលត្រូវបានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបចាត់ទុកថា ជាទង្វើខុសច្បាប់ និងមិនអនុឡោមតាម បទដ្ឋានប្រជាធិបតេយ្យ។ ប៉ុន្តែជាការឆ្លើយតបទៅវិញ ប្រធានាធិបតីវេណេស៊ុយអេឡាបានចេញបញ្ជាបណ្ដេញ មន្ត្រីទូតជាន់ខ្ពស់អាមេរិកពីររូប ប្រចាំទីក្រុងការ៉ាកាស់ គឺលោក ថូដ រ៉ូប៊ីនសុន (Todd Robinson) និងលោក ប្រ៊ីយ៉ាន ណារ៉ាចូ (Brian Naranjo) ចេញពីវេណេស៊ុយអេឡាក្នុងរយៈពេល ៤៨ម៉ោង។
គួរបញ្ជាក់ថា លោក នីកូឡាស់ ម៉ាឌូរ៉ូ មិនបានបង្ហាញភស្ដុតាងអ្វីនោះទេ ក្រៅតែពីចោទប្រកាន់ថា លោក Robinson បានចូលរួមក្នុងចលនាសំងាត់យោធាមួយ ហើយថា ស្ថានទូតអាមេរិកបានជ្រៀតជ្រែកក្នុងបញ្ហាយោធា នយោបាយ និងសេដ្ឋកិច្ចរបស់វេណេស៊ុយអេឡា។ «មិនមែនតាមរយៈការដាក់ទណ្ឌកម្ម ឬក៏ការរៀបចំគំរោងក្បត់ អាចឲ្យអ្នកគ្រប់គ្រងវេណេស៊ុយអេឡាបាននោះទេ»។ នេះជាការលើកឡើងរបស់លោក ម៉ាឌូរ៉ូ ខណៈក្រសួងការបរទេសអាមេរិក បានទាត់ចោលការចោទប្រកាន់របស់លោក៕