(សេអ៊ូល)៖ ក្រសួង​បង្រួបបង្រួមជាតិ​កូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងជើង បានយល់​ព្រមទទួលយក​ហើយនូវ​បញ្ជីឈ្មោះ​អ្នកសារព័ត៌មាន​កូរ៉េខាងត្បូង ដែលនឹងត្រូវចូលរួមផ្តិត​យករូបភាព​ក្នុងព្រឹត្តិការណ៍​បិទទីតាំងធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ ភុងគ្យេរី (Punggye-ri) នៅ​ថ្ងៃពុធនេះ។ នេះបើ​តាមការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៣ ខែឧសភា ឆ្នាំ២០១៨។

នៅក្នុងលិខិត​មួយផ្ញើជូនក្រុម​អ្នក​សារព័ត៌មាន ក្រសួង​បង្រួបបង្រួមជាតិ​កូរ៉េខាងត្បូង បានបញ្ជាក់​ដូច្នេះថា ក្រសួងបានបញ្ជូន​បញ្ជី​ឈ្មោះអ្នក​សារព័ត៌មាន​ក្នុងនោះមាន​អ្នកសារព័ត៌មាន ០៤នាក់ មកពី​ទីភ្នាក់ងារសារព័ត៌មាន​មួយ និង ០៤នាក់ ទៀតជាអ្នក​សារព័ត៌មាន​នៃស្ថានីយ​ទូរទស្សន៍មួយ ទៅកាន់​កូរ៉េខាងជើងតាម​រយៈប្រព័ន្ធ​ទាក់ទងនៅឯ​ភូមិផាន់ម៉ុនចុម (Panmunjom) នៅម៉ោង ០៩៖០០នាទីព្រឹកនេះ រីឯទីក្រុងព្យុងយ៉ាង​ក៏បានយល់ព្រម​ទទួលយកបញ្ជី​ឈ្មោះនេះ​ដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍បិទទីតាំងធ្វើ​តេស្ដអាវុធ​នុយក្លេអ៊ែរ Punggye-ri នឹងត្រូវប្រព្រឹត្ត​ទៅនៅចន្លោះ​ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភានេះ អាស្រ័យ​លើអាកាសធាតុ៕