(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ជំនួបកំពូល​រវាងលោក និងមេដឹកនាំ​កូរ៉េខាងជើង លោក គីម​ ជុងអ៊ុន អាចនឹងមិន​កើតឡើង​ឡើយ បើសិនជាលក្ខខណ្ឌ​របស់សហរដ្ឋអាមេរិក​ មិនត្រូវបានអនុវត្តន៍។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី២៣ ខែឧសភា ឆ្នាំ២០១៨។

លោក ដូណាល់ ត្រាំ ធ្វើការកត់​សម្គាល់​បែបនេះ នៅក្នុងជំនួប​ទល់មុខជាមួយ​ប្រធានានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅឯ សេតវិមាន​នៅ​ថ្ងៃអង្គារ​សប្ដាហ៍​នេះ។ ថ្លែងនា​ឱកាសនោះ លោក ត្រាំ បានគូស​បញ្ជាក់​យ៉ាងដូច្នេះថា «វាមាន​ឱកាសថា កិច្ចប្រជុំអាចនឹង​កើតឡើង ហើយវាក៏មាន​ឱកាសដែរថា កិច្ចប្រជុំនឹង​មិនអាច​កើតឡើង... ប៉ុន្តែកិច្ចប្រជុំនឹង​មិនអាចកើតឡើង​នៅថ្ងៃទី១២ ខែមិថុនា​នោះទេ បើសិនជា​លក្ខខណ្ឌ​របស់សហរដ្ឋអាមេរិក​ មិនត្រូវបានអនុវត្តន៍»។ តែទោះ​បីជាយ៉ាងនេះក្ដី ប្រធានាធិបតី​អាមេរិករូបនេះ​នៅតែអះអាង​ដដែលថា វាជារឿងល្អ បើសិនជា​កិច្ចប្រជុំកំពូល​ជាមួយលោក គីម ជុងអ៊ុ​ន ធ្វើឡើង​តាមការ​គ្រោង​ទុក។

គួរបញ្ជាក់ថា បើតាមការ​គ្រោងទុក លោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន នឹងត្រូវជួបគ្នា​ក្នុងជំនួបកំពូល​ជាប្រវត្តិសាស្ត្រមួយ ដែលគ្រោងនឹងប្រព្រឹត្ត​ទៅនៅថ្ងៃទី១២ ខែមិថុនា​ខាងមុខនេះ​ ក្នុងប្រទេស​សិង្ហបុរី។ ប៉ុន្តែ​កូរ៉េខាងជើង ក៏ធ្លាប់បាន​ព្រមាន​លុបចោល​ជំនួបនេះ​វិញដែរ ក្នុងករណីខ្លួន​នៅតែត្រូវបាន​បង្ខំឱ្យបោះបង់​ចោលអាវុធ​នុយក្លេអ៊ែរ ពីសំណាក់​សហរដ្ឋអាមេរិក៕