(បាងកក)៖ ក្រុមអ្នកដឹកនាំចលនាប្រឆាំងរដ្ឋាភិបាលថៃ ដើម្បីទាមទារឲ្យមានការបោះឆ្នោតសកលនៅចុងឆ្នាំ២០១៨ នេះជាដាច់ខាតនោះ បានយល់ព្រមប្រគល់ខ្លួនឲ្យប៉ូលិស ហើយក៏តវ៉ានៅក្នុងទីក្រុងបាងកក និងសាកលវិទ្យាល័យធម្មាសាតនោះ ក៏ត្រូវបានបញ្ចប់ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨។
មេដឹកនាំក្រុមប្រឆាំងតវ៉ាខាងលើនេះ ដែលមានឈ្មោះថា រាំងស៊ីម៉ាន់ រ៉ូម (Rangsiman Rome) ជាមួយនឹងសហមេដឹកនាំ ០២រូបទៀត បានសម្រេចចិត្តប្រគល់ខ្លួនទៅឲ្យប៉ូលិស ហើយនិងបានស្នើឲ្យប្រជាជនទាំងអស់ ត្រឡប់ទៅផ្ទះវិញផងដែរ។ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលថៃ បានប្រមូលផ្តុំគ្នានៅទីក្រុងបាងកកកាលពីព្រឹកថ្ងៃអង្គារនេះ និងបានរៀបចំដង្ហែរក្បួនចេញពីសាកលវិទ្យាល័យមួយកន្លែង ឆ្ពោះទៅកាន់វិមានរដ្ឋាភិបាលថៃ ហើយសម្តែងការទាមទារឲ្យរដ្ឋាភិបាលយោធារបស់លោក ប្រាយុទ្ធ ចាន់អូចា រៀបចំការបោះឆ្នោតសកល មិនឲ្យលើសពីខែវិច្ឆិកាចុងឆ្នាំនេះឡើយ។
នាព្រឹកថ្ងៃអង្គារ កម្លាំងសមត្ថកិច្ចថៃបានដាក់រនាំងហាមឃាត់នៅតាមដងផ្លូវមួយចំនួន ក្បែរសាកលវិទ្យាល័យ ធម្មាសាត (Thammasat) និងធ្វើការត្រួតពិនិត្យផ្នែកសន្តិសុខ ដែលជាហេតុបណ្តាលឲ្យក្រុមអ្នកបាតុករត្អួញត្អែរថា ពួកគេកំពុងត្រូវបានហាមឃាត់មិនឲ្យធ្វើការប្រមូលផ្តុំគ្នា។ បើតាមប៉ូលិសថៃក្រុមអ្នកតវ៉ាជាង ១០០នាក់ បានទៅជួបជុំគ្នានៅក្នុងសាកលវិទ្យាល័យ គិតត្រឹមព្រលឹមថ្ងៃអង្គារ ហើយមានអ្នកទៅដល់ទីនោះជាបន្តបន្ទាប់ទៀត។
គួរជម្រាបថា ទាក់ទងនឹងការបោះឆ្នោត ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញនៅក្នុងប្រទេសថៃ រដ្ឋាភិបាលយោធារបស់ លោក ប្រាយុទ្ធ ចាន់អូចារ បានធ្វើការពន្យាពេលជាច្រើនលើកច្រើនសា ដែលពីដំបូងឡើយនោះគ្រោងនឹងប្រព្រឹត្តទៅតាំងតែពីឆ្នាំ២០១៥ មកម្ល៉េះ ហើយកាលបរិច្ឆេទកំណត់ចុងក្រោយគេបំផុតនោះ គឺនៅខែកុម្ភៈ ឆ្នាំ២០១៩។ ទោះជាបែបនេះក្តី មនុស្សភាគច្រើនមានការភ័យព្រួយថា វានឹងអាចលើកទៅពេលក្រោយជាថ្មីម្តងទៀត៕