(ស៊ុយអែត)៖ បច្ចុប្បន្ននេះប្រទេសស៊ុយអែត កំពុងធ្វើការផ្តោតសំខាន់ទៅលើការកសាងកម្លាំងយោធា នៅលើកោះ ហ្គូតឡេនដ៍ (Gotland) ដ៏ធំរបស់ខ្លួនឡើងវិញ តាមរយៈការដាក់ពង្រាយកងទ័ពប្រមាណ ៣៥០នាក់នៅទីនោះ ជាជំហានដំបូង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨។
ក្រោយពីពុំមានវត្តមានកម្លាំងយោធា អស់រយៈពេលប្រមាណជាមួយសតវត្សរ៍មក កងអង្គភាព P18 ដែលប្រចាំនៅលើកោះ Gotland បានប្រទេសស៊ុយអែត បង្កើនការយកចិត្តទុកដាក់លើវិស័យយោធាឡើងវិញ ហើយវាគឺជាដំណាក់កាលជាប្រវត្តិសាស្រ្តមួយ ខណៈដែលកោះនៅសមុទ្របាល់ទិចនេះ បានបើកទ្វារទទួលស្វាគមន៍ ការឈរជើងរបស់កងទ័ពជាថ្មីម្តងទៀត។
គួរជម្រាបថា ការស្តារវត្តមាននៃកម្លាំងយោធាឡើងវិញនៅកោះ Gotland គឺឈរទៅលើកិច្ចព្រមព្រៀងការពារជាតិ កាលពីឆ្នាំ២០១៥ នៅពេលដែលរដ្ឋាភិបាលស៊ុយអែត បានសម្រេចចិត្តអំពីការដាក់ពង្រាយយោធាជាអចិន្រ្តៃយ៍ នៅលើកោះនេះ ដោយសារតែការធ្លាក់ចុះដុនដាប នៃស្ថានការណ៍សន្តិសុខ ព្រមទាំងការបង្ហាញសាច់ដុំរឹតតែខ្លាំងពីប្រទេសរុស្ស៊ី៕