(សេអ៊ូល​)៖​ ​​រដ្ឋាភិបាល​កូរ៉េខាងត្បូង​បានបង្ហាញក្តី​សង្ឃឹមជឿជាក់​ ដល់ទៅ​ ៩៩.៩៩ភាគរយ ​ថា​គម្រោងបើក​កិច្ចប្រជុំកំពូល​ជាប្រវត្តិសាស្រ្ត​ ​​​​រវាងកូរ៉េខាងជើង និង​សហរដ្ឋអាមេរិក នឹងប្រព្រឹត្ត​ទៅតាមកាល​កំណត់ដដែល ចំពេលដែល​លោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ បាន​ព្រមានគ្នា​ទៅវិញទៅមកអំពីការ​លុបចោល​ជំនួប​ ដែល​អន្តរជាតិកំពុង​ទន្ទឹងរង់ចាំ​យ៉ាងអន្ទះសា​នេះ។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពីទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨។

បើតាម​សេចក្តីថ្លែងការណ៍​របស់វិមានប្រធានាធិបតី​កូរ៉េខាងត្បូង (Blue House) លោក ជុង អ៊ុយយ៉ុង (Chung Eui-yong) ដែលជាទីប្រឹក្សា​ជាន់ខ្ពស់​​របស់ លោក មូន ជែអ៊ីន បានថ្លែងប្រាប់​ក្រុមអ្នក​សារព័ត៌មាននៅលើជើង​ហោះហើរ ឆ្ពោះ​ទៅកាន់​រដ្ឋធានី​វ៉ាស៊ីនតោនថា ​បច្ចុប្បន្ន​កូរ៉េខាងត្បូង​ មានក្តីរំពឹង​ដល់ ​៩៩.៩៩ភាគរយថា កិច្ចប្រជុំកំពូល​អាមេរិក-កូរ៉េខាងជើង នឹងប្រព្រឹត្ត​ទៅតាមការព្រមព្រៀងគ្នា​ដដែល។

លោក មូន ជែអ៊ីន ដែលអម​ដំណើរ​ដោយ​​​លោក ​Chung Eui-yong បានធ្វើដំណើរ​ទៅដល់​រដ្ឋធានី​វ៉ាស៊ីនតោន នាដើម​សប្តាហ៍នេះ ដើម្បី​​ជួបពិភាក្សា​ការងារជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។​ បើតា​មលោក Chung លោក មូន និងលោក ត្រាំ នឹងជជែក​​​អំពី​មធ្យោបាយ​ដើម្បីធ្វើឲ្យ​កិច្ចប្រជុំ​កូរ៉េខាងជើង-អាមេរិក ទទួលបាន​ជោគជ័យ​ ដែលអាចឈាន​ដល់កិច្ចព្រមព្រៀង​​ណាមួយ​នៅឯជំនួបនេះ និង​​ដើម្បីអនុ​​វត្តន៍​នូវកិច្ចព្រមព្រៀង​ផ្សេងៗ ដែលអាច​នឹង​សម្រេចបាន។

គួរជម្រាបថា លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានយល់ព្រម​ជួបមុខគ្នា​នៅថ្ងៃទី១២ ខែមិថុនា ក្នុងប្រទេសសិង្ហបុរី​សម្រាប់​​​កិច្ច​​ប្រជុំ​កំពូលលើកទីមួយ​ មិនធ្លាប់មាន​ឡើយ​ក្នុងប្រវត្តិសាស្រ្ត​រវាងកូរ៉េខាងជើង និងអាមេរិក ប៉ុន្តែនាពេល​ថ្មីៗនេះ លោក គីម និង ត្រាំ ក៏បាន​ព្រមាន​​​គ្នាទៅវិញទៅមកថា នឹងលុបចោល​គម្រោង​កិច្ចប្រជុំនេះផងដែរ ដោយវាបង្ក​ឡើងដោយសារ​តែការធ្វើសមយុទ្ធ​យោធា​ Max Thunder របស់​​​រវាង​​កូរ៉េខាងត្បូង និងអាមេរិក៕