(លីបង់)៖ ប្រជាជនអ៊ីរ៉ង់នឹងវាយរដ្ឋមន្ត្រីការបទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ឲ្យបែកកញ្ចប់មាត់ ជាការឆ្លើយតបទៅនឹងផែនការអាមេរិកថ្មី ដែលមានបំណងដាក់សម្ពាធលើអ៊ីរ៉ង់ ធ្ងន់ធ្ងរបំផុតជាប្រវត្តិសាស្ត្រនោះ។ នេះបើតាមមេបញ្ជាការជាន់ខ្ពស់ នៃឆ្មាំការពារបដិវត្តន៍អ៊ីរ៉ង់មួយរូប ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨។
ថ្លែងនៅទៅកាន់ពិធីជួបជុំមួយនៅថ្ងៃអង្គារនេះ មេបញ្ជាការរងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក អ៊ីស្មែល កូវសារី (Ismail Kowsari) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រជាជនអ៊ីរ៉ង់ទាំងគួរតែរួបរួមគ្នាប្រឈមមុខនឹងបញ្ហានេះ ហើយពួកគេនឹងវាយឱ្យបែកកញ្ចប់មាត់របស់ រដ្ឋមន្ត្រីការបរទេសអាមេរិក និងអ្នកដែលគាំទ្ររូបលោក»។
គួរបញ្ជាក់ថា ប្រតិកម្មរបស់លោក Ismail Kowsari កើតមានឡើងបន្ទាប់ពី លោក Mike Pompeo បានស្នើឱ្យអ៊ីរ៉ង់ផ្លាស់ប្ដូរគោលនយោបាយដឹកនាំប្រទេស និងនុយក្លេអ៊ែររបស់ខ្លួន ព្រមទាំងដោះលែងជនជាតិអាមេរិកទាំងអស់, ដកទ័ពចេញពីស៊ីរីទាំងអស់, ឈប់គាំទ្រពួកឧទ្ទាមហួទីនៅយ៉េមែន និងគម្រាមកំហែងអ៊ីស្រាអែល។ មិនតែប៉ុណ្ណោះ លោកក៏បានព្រមានដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ
ប្រឆាំងនឹងទីក្រុងតេហេរ៉ង់ផងដែរ បើនៅតែមិនព្រមប្តូរឥរិយាបទដូចរាល់ថ្ងៃនេះចោល៕