(អាមេរិក)៖ ខណៈដែល​​​តារាវិទូ កំពុងបន្តយុទ្ធនាការ​តាមស្វែងរកភពទី ៩ ឬ Planet Nine ដ៏ចម្រូងចម្រាស ​ក្រុមអ្នកវិទ្យាសាស្រ្ត​​បានជួប​នឹង​​ដុំថ្ម​​អវកាសមួយដុំ ដែលអាចផ្តល់​ភស្តុតាងគួរឲ្យជឿ​ជាក់បាន ចំពោះការអះអាង​ដែលថា ភព Super-Earth ដ៏ធំមួយ ពិតជាមានវត្តមាន​នៅជាយ​​ប្រព័ន្ធព្រះអាទិត្យ​របស់យើងប្រាកដមែន។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពីវែបសាយ Space.com នៅរសៀលថ្ងៃអង្គារ ទី២២ ខែ​ឧសភា ឆ្នាំ២០១៨។

តាមរយៈមុំដ៏ចម្លែក ​នៃគន្លងចល័តខ្លួនរបស់អាចម៍​ផ្កាយខាងលើ ដែលមាន​ឈ្មោះថា 2015 BP519 កាន់តែ​ជម្រុញ​បន្ថែមទៀតនូវ​ការអះអាងដែលថា ​ភពធំមួយ​មានវត្តមាននៅ​​កន្លែង​ណាមួយ ម្តុំជាយ​ខាងក្រៅប្រព័ន្ធ​ព្រះអាទិត្យ ដែលកំពុងជះ​ឥទ្ធិពលដល់​គន្លងធ្វើដំណើរ​​របស់​ដុំថ្មអវកាស​​​នេះ នៅជុំវិញផ្កាយ​របស់យើង។

គួរជម្រាបថា នេះពុំមែនជាលើកទី​មួយឡើយ ដែល Planet Nine ត្រូវគេអះអាងថា ជាអ្នកជះ​ឥទ្ធិពលទៅលើវត្ថុ​មួយចំនួន​ក្នុងទីអវកាស។ កាលពីឆ្នាំ២០១៤ នៅមុនពេល Planet Nine ត្រូវអ្នកវិទ្យាសាស្រ្តចាត់​ទុកជាផ្លូវការថា ជាសម្មតកម្មនោះ​តារាវិទូពីររូប​ បានកត់សម្គាល់​​ឃើញមាន​ភាព​មិន​ប្រក្រតី​ នៅតាមដុំថ្មអវកាស​មួយចំនួន នៅហួសពីគន្លង​របស់ភពណិប​ទូន។ ក្នុងនោះរួមមាន ភព​មិន​ពេញ​​លក្ខណៈ​ Sedna និងវត្ថុមួយចំនួនទៀត​ដែលគេ​ហៅថា TNOs (Trans-Neptunian Objects)។​

ក្រោយមក​ទៀត នៅឆ្នាំ២០១៦ តារាវិទូពីរ​រូបទៀត​បានរកឃើញ​ភស្តុតាង​​បន្ថែមទៀតអំពី TNOs ដែលមានគន្លង​​គោចរ​​ចម្លែកៗ​។​ អ្នក​វិទ្យា​សាស្រ្ត​​​ទាំង​ពីរ​​រូបនេះ​​ហើយ គឺជាបុគ្គល​ដំបូងគេ​ដែលបាន​ដាក់​ឈ្មោះ ​និងកំណត់ទំហំ​ព្រម​ទាំង​ចម្ងាយ​ឲ្យ Planet Nine។ បើតាម​អ្នក​ទាំង​ពីរ​ ​ភពអាថ៌​​កំបាំងនេះ អាចមានទំហំធំ​​ជាងផែនដី ១០ដង ហើយស្ថិត​នៅចម្ងាយ ៦០០AU (Astronomical Unit) ពីព្រះអាទិត្យ (១AU =​ ១៥០​លាន​គីឡូម៉ែត្រ)៕