(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និងនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានសម្រេចឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចក៏ដូចជាថាមពល នៅអំឡុងការបើកកិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរ នៅឯទីក្រុងសូជី (Sochi) នៃប្រទេសរុស្ស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨។
នៅក្រោយកិច្ចពិភាក្សាយ៉ាងយូរ ដែលប្រកបដោយភាពទៀងត្រង់ និងរាក់ទាក់រវាងលោក ពូទីន និងលោក ម៉ូឌី រដ្ឋមន្រ្តីការបរទេសរុស្ស៊ីបានប្រាប់ក្រុមអ្នកសារព័ត៌មានថា មេដឹកនាំទាំងពីរបានផ្តោតការយកចិត្តទុកជាក់ជាពិសេស ទៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
លោក ពូទីន និងលោក ម៉ូឌី បានជជែកលម្អិតអំពីវិធានការ ដើម្បីធានាបាននូវកិច្ចប្រជុំស្តីពីវិស័យសេដ្ឋកិច្ចដ៏ប្រសើរមួយ ដែលនឹងប្រារព្ធឡើងនៅឯប្រទេសឥណ្ឌា នៅដើមខែតុលាឆ្នាំនេះ។ យោងតាមក្រសួងការបរទេសរុស្ស៊ី ទំហំពាណិជ្ជកម្មរុស្ស៊ី-ឥណ្ឌា បានកើន ២០ភាគរយ កាលពីឆ្នាំ២០១៧ និងកើន ៤០ភាគរយ នៅប៉ុន្មានខែដំបូងនៃឆ្នាំ២០១៨នេះ។
ក្រៅពីនេះមេដឹកនាំនៃប្រទេសទាំងពីរ ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល រួមមានប្រេង ឧស្ម័នធម្មជាតិ និងការប្រើប្រាស់ថាមពលនានា នៅក្នុងផ្លូវសន្តិភាពផងដែរ៕